គីម ជុងអ៊ុន ប្តេជ្ញានៅតែបន្តកម្មវិធីអាវុធនុយក្លេអ៊ែរ ក្រោយ ត្រាំ ត្រឡប់មកកាន់អំណាច
ប្រភព៖ AFP
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៩ ខែមករា បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង នឹងនៅតែបន្តអភិវឌ្ឍទៅមុខ ដោយគ្មានទីបញ្ចប់ឡើយ ស្របពេលដែលលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់តំណែងជា ប្រធានាធិបតីអាមេរិក សាជាថ្មីម្តងទៀត។
KCNA បាននិយាយថា
ក្រោយចុះត្រួតពិនិត្យ រោងចក្រផលិតសារធាតុនុយក្លេអ៊ែរមួយកន្លែង លោក គីម
ក៏បានព្រមានផងដែរអំពី ការប្រឈមមុខគ្នាចៀសមិនផុត ជាមួយបណ្តាប្រទេស
ដែលប្រកាន់ភាពជាសត្រូវចំពោះទីក្រុងព្យុងយ៉ាង និងបានលើកឡើងថា ២០២៥
គឺជាឆ្នាំដ៏សំខាន់បំផុតមួយ ដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
បើតាមការអះអាងរបស់កូរ៉េខាងជើង
ការប្រឹងប្រែងអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន
គឺដើម្បីទប់ទល់ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា
កូរ៉េខាងត្បូងជាដើម។ កាលពីសប្តាហ៍កន្លងទៅ លោក ត្រាំ
ដែលធ្លាប់ជួបនិងបើកកិច្ចប្រជុំកំពូលយ៉ាងកម្រ ប៉ុន្មានលើកជាមួយលោក គីម
អំឡុងអាណត្តិកាន់អំណាចលើកទី១ បាននិយាយថា រូបលោកនឹងព្យាយាមទាក់ទងទៅកាន់លោក គីម
ម្តងទៀត៕
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើង ទើបតែបានបាញ់តេស្តមីស៊ីលគ្រូសយុទ្ធសាស្រ្ត ដែលជាការធ្វើតេស្តសព្វាវុធដំបូងបំផុត របស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាច នៅសេតវិមានវិញ កាលពីថ្ងៃទី២០ ខែមករា៕
Post a Comment