ឥណ្ឌានិងចិន ព្រមព្រៀងគ្នាបើកជើងហោះហើរឡើងវិញ ក្រោយផ្អាករយៈពេល៥ឆ្នាំ
ប្រភព៖ AFP
ញូវដេលី៖ ឥណ្ឌានិងចិន បានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបន្តជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ ពោលគឺរយៈពេលជិត៥ឆ្នាំ បន្ទាប់ពីត្រូវបានផ្អាក ដោយសារតែការរាតត្បាតនៃជំងឺកូវីដ និងភាពតានតឹងនយោបាយ។
បើតាមសេចក្តីថ្លែងការណ៍
របស់ក្រសួងការបរទេសឥណ្ឌា ភាគីទាំងពីរក៏បានយល់ស្របគ្នា
ធ្វើការឱ្យកាន់តែខ្លាំងថែមទៀតផងដែរ ដើម្បីស្តារការជឿជាក់ និងទុកចិត្តគ្នា
ទៅវិញទៅមក ឡើងវិញ ហើយដោះស្រាយបញ្ហាប្រឈមចម្បង ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្ម។
សេចក្តីប្រកាសខាងលើធ្វើឡើង
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដោយមន្រ្តីការទូតកំពូលរបស់ទីក្រុងញូវដែលី
ហើយវាបង្ហាញនូវសញ្ញាថ្មីចុងក្រោយមួយទៀត
នៃភាពធូរស្រាលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទស្សនកិច្ចរបស់លោក Vikram
Misri ទៅកាន់រដ្ឋធានីរបស់ចិន គឺជាដំណើរទស្សនកិច្ចធ្វើឡើង
ដោយមន្រ្តីជាន់ខ្ពស់បំផុតរបស់ឥណ្ឌា គិតមកទល់ពេលនេះ ចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពចិននិងឥណ្ឌា
នៅព្រំដែននៃតំបន់ជួរភ្នំហិម៉ាល័យ កាលពីឆ្នាំ២០២០
ដែលបានធ្វើឱ្យទំនាក់ទំនងធ្លាក់ដុនដាបខ្លាំង៕
Post a Comment