រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ គឺធ្វើឱ្យពលរដ្ឋមានសន្តិភាពផ្លូវចិត្ត ទប់ស្កាត់ និងបង្ការជម្លោះដីធ្លី
អត្ថបទ៖ ក្រសួងព័ត៌មាន
ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា
ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដី) ជូនដល់ប្រជាពលរដ្ឋ គឺជាផ្តល់នូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី
ធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាពផ្លូវចិត្ត គ្មាននរណារំលោភបំពាន កាត់បន្ថយ
និងឈានដល់លុបបំបាត់ជម្លោះដីធ្លី និងជំរុញការប្រើប្រាស់ដី ឱ្យអស់សក្តានុពល
សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ។
គួរឱ្យដឹងថា
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ដែលនឹងបន្តដំណើរការកែ ទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះ
ស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការសំដៅគ្រប់ គ្រង
និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ
ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៦៥៩គ្រួសារ
មកពីភូមិព្រែកព្រលូង និងភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ
ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ
នៅបរិវេណវត្តសោបលើ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ
បានលើកឡើងយ៉ាងដូច្នេះថា៖ «ការទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ
(បណ្ណកម្មសិទ្ធិដី) គឺផ្តល់នូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី
ធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាពផ្លូវចិត្ត គ្មាននរណារំលោភបំពាន
និងលុបបំបាត់និងបង្ការជម្លោះព្រំដី ពីព្រោះថាការដែលមន្ត្រីជំនាញចេញប្លង់ឱ្យនេះ
គឺឆ្លងកាត់ដំណាក់កាលច្រើនណាស់ ការវាស់កំណត់ក្បាលដី ភាគីនៅជាប់ព្រំដី
បានឯកព្រមព្រៀងឯកភាពគ្នាទទួលស្គាល់»។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ
និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី
ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេច កិច្ចការចុះបញ្ជីដីធ្លី
និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ
ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោត សរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋ
ក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លី រហូតដល់បាន ទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។
ក្នុងនោះប្រជាពលរដ្ឋចំនួន២ភូមិ
ដែលទើបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យនេះ មានការត្រេកអរសប្បាយរីករាយ
ក្នុងពេលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ពីអាជ្ញាធររខេត្ត
ដើម្បីជាឧត្តមប្រយោជន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃរបស់ពួកគាត់
និងបានថ្លៃអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់
គិតគូរចំពោះសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតាមទីជនបទ។
បើយោងតាមរបាយការណ៍របស់លោក
អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តក្រចេះ
បានឱ្យដឹងថារហូតដល់ដើមខែមករា ឆ្នាំ២០២៥នេះ
ខេត្តក្រចេះបានសម្រេចប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២៧៧ ភូមិ ស្មើនឹង ៤៤/៤៨
ឃុំសង្កាត់ ៧ក្រុងស្រុក និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤,៨២២ក្បាលដី ក្នុងនោះតាមបទបញ្ជាលេខ០១ បប ចំនួន ៣៩,៣០៤ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីចំនួន ៤៥,៥១៨ក្បាលដី។ អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានដាក់ចេញផែនការវាស់វែចុះបញ្ជីដីធ្លីទូទាំងប្រទេស លើក្បាលដីនៅសល់ប្រមាណ
៥លានក្បាលដី ក្នុងនោះខេត្តក្រចេះ
ក៏បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងក្នុងដំណាច់ឆ្នាំ២០២៥ នេះ
លើក្បាលដីប៉ាន់ស្មានក្នុងខេត្តមានប្រមាណ ១១៨,០០០ក្បាលដីក្នុងភូមិចំនួន
២៥៥ភូមិនៃឃុំចំនួន ៣៨ឃុំ។
សូមរម្លឹកថា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រកាស ខេត្ត
កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង
ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ
បានចាត់ទុកលទ្ធផលដែលសម្រេចបានលើការវាស់វែងដីជូនប្រជាពលរដ្ឋ
គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ព្រោះតែការបញ្ចប់សង្គ្រាម។
ផលសុខសន្តិភាពមិនត្រឹមបញ្ចប់ការប្រយុទ្ធគ្នាប៉ុណ្ណោះទេ
តែក៏បានផ្តល់ឱកាសវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋមានឱកាសធ្វើសកម្មភាពសេដ្ឋកិច្ច។ ខណៈរយៈពេល១៦ខែ នៃនីតិកាលទី៧
រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដី បានជាង៣លានក្បាលដី
និងចេញបណ្ណកម្មសិទ្ធិបាន៨ម៉ឺន ៧ពាន់ក្បាលដី និងនៅសល់ប្រមាណ ១លាន ៣សែនក្បាលដី
មិនទាន់វាស់វែង ហើយគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥។
សូមជម្រាបថា
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានកំណត់ការចុះបញ្ជីដីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់ នៃព្រំកាន់កាប់
កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់
និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា
ភូមិឋានក្សេមក្សាន្ត។ កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន
៧សែនក្បាលដី និងបានចេញបណ្ណ៧លានបណ្ណ។
ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួន៣លានក្បាលដី
និងចេញបណ្ណចំនួន៥៩ម៉ឺនបណ្ណ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១,៥លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ការវាស់វែងបញ្ចប់នេះ អនុញ្ញាតឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល
និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី
និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
Post a Comment