ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តមណ្ឌលគិរី
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ក្រោមអធិបតីភាព ឯកឧត្តម ផែន សុផាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងព្រះញាណរង្សី ឈិន ហន ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ព្រះវិមលត្ថេរ ពេជ្រ សុភ័ក្រ ព្រះមេគណ គណៈមហានិកាយខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត រួមទាំងសមាជិក សមាជិកាសរុបជាង ១០០អង្គ/នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ផែន សុផាត អនុរដ្ឋលេខាធិការ មានប្រសាសន៍ជំរុញលើកទឹកចិត្តគណៈសង្ឃទាំងពីរគណៈទូទាំងខេត្ត ព្រះមេត្តាអនុវត្តអោយបានគ្រប់ចំណុច នៃខ្លឹមសារសង្ឃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងបដិបត្តិតាមគោលព្រះវិន័យដែលជាកិច្ចវត្តប្រចាំថ្ងៃ ដើម្បីថែរក្សាតម្លៃខ្លួនព្រះអង្គផង និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ មន្ទីរជំនាញ និងព្រះមន្ត្រីសង្ឃគ្រប់ថានានុក្រម ត្រូវប្រកាន់យកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ចៀសវាងការប្រកាន់បក្សពួក ដែលអាចធ្វើអោយពុទុ្ធបរិស័ទបាត់បង់ជំនឿ និងធ្លាក់តម្លៃដល់ព្រះពុទ្ធសាសនា ត្រូវមានសាមគ្គីភាព ជៀសវាងការកើតមានឡើងនូវអធិក សូមព្រះមន្ត្រីសង្ឃនិងមន្ទីរធម្មការនិងសាសនាបញ្ជូនអាចារ្យ អាចារិនី ដើម្បីរៀនវគ្គបណ្តុះបណ្តាលនៅក្រសួង អោយបានច្រើនតាមដែលអាចធ្វើទៅបាន សូមគ្រប់វត្តអារាមធ្វើបច្ចុប្បន្នភាពដោយសហការជាមួយអាជ្ញាធរ មូលដ្ឋាន គ្រប់វត្តអារាមត្រូវបន្តជំរុញ និងយកចិត្តទុកដាក់លើបញ្ហាចុះបញ្ជីប្លង់ដីវត្តអោយបានគ្រប់វត្ត គ្រប់វត្តអារាមត្រូវប្រកាន់យក នូវអភិក្រម ស៣ ( ស១៖ វត្តស្អាត ស២៖ វត្តស្វាង ស៣៖ វត្តស្ងប់។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានផ្តាំផ្ញើប្រគេន-ជូន អង្គអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃលើកទី៣២ ទូទាំងខេត្ត បន្តការយកចិត្តទុកដាក់ ១. ពង្រឹងគុណភាពការដឹកនាំ និងគ្រប់គ្រងវត្តអារាម ឲ្យមានរបៀបរៀបរយ សាមគ្គីភាពល្អ និងរក្សាតម្លៃព្រះពុទ្ធសាសនា ធ្វើឲ្យវត្តអារាម ក្លាយទៅជាចំណេះដឹង ផ្លូវលោក ផ្លូវធម៌ អប់រំផ្លូវចិត្ត ជៀសវាងនូវអំពើហិង្សា។ ២-សូមបន្តការទប់ស្កាត់ ការសកម្មភាពធ្វើអាជីវកម្មលើសាសនា កេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ លាភសក្ការៈតាមគ្រប់រូបភាព ៣-សូមព្រះថេរានុត្ថេរៈ សមណសិស្សគ្រប់ព្រះអង្គ បន្តការខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពធម៌វិន័យ ប្រតិបត្តិ ឲ្យបានល្អ ជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទ។ ៤-ចូលរួមអប់រំផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ លើស្ត្រី និងកុមារ។ ៥-គ្រប់វត្តអារាមចូលរួមទប់ស្កាត់ការចរាចរជួញដូរ និងសេពគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា នៅទូទាំងខេត្ត មានវត្តអារាមចំនួន ៤០វត្ត ព្រះសង្ឃសរុបទាំងពីរគណៈចំនួន ២២០អង្គ ភិក្ខុ ៧២អង្គ សាមណេរ ១៤៨ អង្គ។ អាចារ្យវត្តចំនួន ៧៣នាក់ គណៈកម្មការវត្តមានចំនួន ៦៨នាក់ តាជី ៣នាក់ យាយជី ៣៣នាក់ ក្មេងកំព្រាមានចំនួន ១២នាក់ សិស្សស្នាក់នៅវត្តមានចំនួន ៤៦នាក់។ សាលាធម្មវិន័យចំនួន ០១កន្លែង សាលាពុទ្ធិកសិក្សាបឋមមានចំនួន ០១កន្លែង មានសមណៈសិស្ស និងសិស្សសរុប ៥០អង្គ/នាក់។ ឥស្លាមសាសនា មានវិហារសរុប ១១កន្លែង និងស៊ូរ៉ាវ ១៦កន្លែង សាសនិកសរុប ៦.៣៧៩នាក់។ គ្រីស្ទសាសនាមានវិហារចំនួន ០៦កន្លែង ស្នាក់ការថ្វាយបង្គំ ៣៣កន្លែង មានបរិស័ទសរុប ៤,៥២០នាក់៕
Post a Comment