ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការបន្ថែមជំនួយរបស់អូស្រ្តាលី ពិតជាឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ សម្តេចបវរធិបតី ក្នុងការដោះស្រាយមីននៅកម្ពុជា
ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR4)។
កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំកម្ពុជា។
ក្នុងនោះ
ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះការរួមចំណែកបន្ថែមរបស់ប្រទេសអូស្រ្តាលី
ចំនួន ២លានដុល្លារអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន
ដែលពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា
ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នៅតែបន្តរក្សាសន្ទុះ
និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ចំពោះអនាគតកម្ពុជាមួយដែលគ្មានមីន
ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី
លី ធុជ បន្តទៀតថា ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏យូរអង្វែង
និងរឹងមាំរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០
ក្នុងការបង្កើតនូវការប្តេជ្ញាចិត្តរួមក្នុងដោះស្រាយបញ្ហាមីននៅកម្ពុជា។ ថវិកាជាង
១០០ ដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
បានរួមចំណែកក្នុងការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង ៣៥
លានដុល្លារអាមេរិក សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។
ទន្ទឹមនឹងនោះ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ UNDP ចាប់តាំងពីឆ្នាំ១៩៩៣
ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា
ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ
ចំពោះការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា
តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ឯកឧត្តមបណ្ឌិត
លី ធុជ បានសង្កត់ធ្ងន់ទៀតថា “រាល់ចម្ការមីនដែលយើងបោសសម្អាតរួច
គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូដែលយើងបានពង្រឹង
នឹងនាំឱ្យយើងកាន់តែខិតជិតទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាគ្មានមីន។
យើងមិនត្រឹមតែរួមគ្នាបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម
ភាពរុងរឿង និងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
យើងទាំងអស់គ្នាត្រូវបន្តរួបរួមគ្នា និងបន្តឈរយ៉ាងរឹងមាំជាមួយគ្នា
ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម
សុភាសិតខ្មែរបុរាណបានពោលថា “ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ"។
ឯកឧត្តមទេសរដ្ឋមន្រ្តី
បន្តទៀតថា “ជាក់ស្តែងក្នុងភាពជាដៃគូយ៉ាងរឹងមាំរវាង កម្ពុជា អូស្រ្តាលី និង UNDP បានភ្ជាប់នូវកម្លាំង ធនធាន និងការប្តេជ្ញាចិត្តរួម
ដើម្បីបង្កើតនូវចំណងដែលមិនអាចបំបែកបានក្នុងការបម្រើសុវត្ថិភាព
វិបុលភាពរបស់ប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូររបស់សហគមន៍
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ឆ្លៀតក្នុងឱកាសនោះ
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការប្តេជ្ញាចិត្ត
និងបន្តការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី
សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង UNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត
ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។
សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់៕
Post a Comment