ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិក្នុងការចងសម្ព័ន្ធមេត្រីភាព!

អត្ថបទ៖ ម៉ាវិន ស.ត

ខេត្តស្ទឹងត្រែង៖ មន្ទីរពេទ្យបង្អែកខេត្តជួបពិភាក្សាជាមួយមន្ទីរពេទ្យកុមារជាតិ ដើម្បីឈ្វេងយល់ និងចងសម្ព័ន្ធមេត្រីភាពនិងគ្នាក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការបស់មន្ទីរពេទ្យបង្អែកខេត្ត តាមរយៈការអភិវឌ្ឍន៍សមត្ថភាពធនធានដែលមានស្រាប់ដើម្បីផ្ដល់សេវាថែទាំសុខភាពឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

កិច្ចជំនួបពិភាក្សានេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រវាងថ្នាក់ដឹកនាំ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្ត ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដឹកនាំប្រតិភូដោយ លោក វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងទទួលបដិសណ្ឋារកិច្ចពីសំណាក់លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត,និងលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីអនុវត្តទៅតាមសេចក្ដីសម្រេចស្ដីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្តរបស់ក្រសួងសុខាភិបាល ។

លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស មានប្រសាសន៍ថាៈទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនិងក្រុមការងារមន្ទីរពេទ្យកុមារជាតិនៅខេត្តស្ទឹងត្រែងនាពេលនេះ គោលបំណងឈ្វេងយល់ និងឆ្ពោះទៅការធ្វើផែនការរួម ស្តីពីការបណ្តុះបណ្តាល ណែនាំទ្រឹស្តីបច្ចេកទេសអនុវត្តគ្លីនិក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាលថែទាំជំងឺ ការវះកាត់ការងារសង្គ្រោះបន្ទាន់ ដាក់ថ្នាំសណ្តំ ការបញ្ជូនអ្នកជំងឺ ព្រមទាំងការចែករំលែកនូវបទពិសោធន៍ផ្សេងៗ លើជំនាញវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាលខេត្តផងដែរ ៕









Powered by Blogger.