ក្រសួងសុខាភិបាលផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅខេត្តមណ្ឌលគិរី

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលដល់ឱសថការីក្នុងមូលដ្ឋាន ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានជួបសំណេះសំណាលផ្សព្វផ្សាយក្រមសីលធម៍ឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល សម្រាប់ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូឱសថការីជាច្រើនរូប កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ថា គោលបំណងជម្រុញឱ្យសមាជិក សមាជិកា គណៈឱសថការីខេត្តមណ្ឌលគិរីទាំងអស់ បន្តអនុវត្ត និងគោរពឱ្យបាននូវក្រមសីលធម៌ឱសថការី ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងច្បាប់លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យបាននូវសេចក្ដីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងការជឿទុកចិត្តពីប្រជាជន។ ឯកឧត្ដមឱសថការី បានដាស់តឿនដល់ គណៈឱសថខេត្តមណ្ឌលគិរី ត្រូវបន្តត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណ គណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ និងពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណៈ ឱសថការីជាតិ ដែលបានចំណាយពេលវេលាចុះសំណេះសំណាលជាមួយឱសថការីក្នុងខេត្ត និងធ្វើបទបង្ហាញច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីពង្រឹងវិស័យសុខាភិបាលកាន់តែមានប្រសិទ្ឋភាព។

យោងតាមរបាយការណ៍របស់លោកឱសថការី អ៊ឹង តិចជី ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមប្រឹក្សាគណឱសថការីខេត្ត បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងកូវីដ១៩ បានចូលរួមចុះអប់រំណែនាំស្តីពីការជូនដំណឹង របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ និងក្រសួងសុខាភិបាលដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរងស្តីពីការមិនឲ្យឡើងថ្លៃ ម៉ាស់ អាកុល ជែលលាងដៃក្នុងអំឡុងពេលកូវីដ១៩ ផងដែរ។

លោកឱសថការី អ៊ឹង តិចជី បន្តថា ថ្មីៗនេះក្រុមការងារបានចុះត្រួតពិនិត្យនិងពង្រឹងគុណភាពសេវា ឱសថសាស្ត្រ អមវិជ្ជសាស្ត្រ និងការអនុវត្តដែនកំណត់វិជ្ជាជីវៈព្រមទាំងក្រមសីលធម៌ឱសថការីរបស់អ្នកដែលប្រកបវិជ្ជាជីវៈ និងបានចេញអាជ្ញាប័ណ្ណដំបូង និងបន្តលើកទី១,២ រួចហើយផងដែរដល់ម្ចាស់ឱសថស្ថាននានា៕






Powered by Blogger.