ទាហានកូរ៉េខាងជើង ប្រហែល ១០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន

សេអ៊ូល៖ របាយការណ៍មួយបានឱ្យដឹងថាទាហានកូរ៉េខាងជើងប្រហែលជា ១០០០នាក់ ត្រូវបានជឿជាក់ថាត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៉ី។

ផ្អែកលើរបាយការណ៍មួយចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថានៅក្នុងចំណោមទាហានកូរ៉េខាងជើង ១១០០០នាក់ ដែលត្រូវបានដាក់ពង្រាយទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk មានជាង ៤០០០នាក់បានស្លាប់ រងរបួស បាត់ខ្លួន និងត្រូវបានចាប់ជាឈ្លើយសឹក។

តាមរបាយការណ៍នេះ ទាហានកូរ៉េខាងជើងប្រហែលជា ១០០០នាក់ ត្រូវបាន ជឿថាត្រូវបានសម្លាប់គិតត្រឹមពាក់កណ្ដាលខែមករានេះ។ ប៉ុន្តែខាងអ៊ុយក្រែន និងកូរ៉េខាងត្បូងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។

សូមរម្លឹកថា កាលពីសប្ដាហ៍មុន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានប្រាប់សមាជិកសភាថាយ៉ាងហោចមានទាហានកូរ៉េខាងជើង ៣០០នាក់ ត្រូវបានសម្លាប់ ខណៈជាង ២៧០០នាក់បានរងរបួស៕



 

Powered by Blogger.