មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មនាំថវិការបស់ក្រសួងផ្គត់ផ្គង់មន្រ្តីជំនាញ ទិញប្រេងបូមទឹកដាក់ស្រែជូនប្រជាកសិករ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជេីញសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងបានពាំនាំយកថវិការបស់ក្រសួងជួយអន្តរាគមន៍ដេីម្បីទិញប្រេងសម្រាប់បូមទឹកពីទន្លេមកដាក់ក្នុងបឹងស្តុក សម្រាប់ចែកចាយទៅស្រែរបស់ប្រជាកសិករ ដែលបច្ចុប្បន្នកំពុងត្រូវការទេឹកជាបន្ទាន់។   

កម្មវិធីនេះផងដែរ ដោយមានការអញ្ជេីញចូលពីលោក ទ្រី សុភ័ក្រ្ត លោក ម៉ៅ វិចិត្រ ប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ, លោក ហេងរត់ ម៉ូនីដា ប្រធានមន្ទីរ ឧតុនិយមធនធានទឹកខេត្តក្រចេះ និងអនុប្រធានមន្ទីរសាធារណការខេត្តព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងស្រុកឆ្លូង រួមនឹងអាជ្ញាធរឃុំ សង្កាត់ ជាច្រេីនរូបផងដែរ។

លោកជំទាវបានមានប្រសាសន៍ថា ដីស្រែ ពុក ម៉ែបងប្អូននៅទីនេះ មានចំនួន៤៨៣ ហិកតា តែក្នុងនោះក្នុងឃុំព្រែកសាម៉ាន់ ត្រូវការទឹកប្រមាណ ចំនួន ១,២ លានម៉ែត្រគូប នាពេលបច្ចុប្បន្ននេះ។ លោកជំទាវបានជំរុញដល់ ពុក ម៉ែបងប្អូនប្រជាកសិករ ខិតខំយកចិត្តទុកដាក់ថែរក្សានូវដំណាំស្រូវនេះឱ្យបានល្អ ដេីម្បីទទួលទិន្នផលបានខ្ពស់ ហេីយត្រូវព្យាយាមតាមដាន ទៅលេីសត្វល្អិតដែលមកយាយីផលដំណាំស្រូវនេះ។  បន្ថែមលើនេះលោក ជំទាវរដ្ឋលេខធិការបានសន្យាជាមួយ ពុក ម៉ែ បងប្អូនថា នឹងត្រឡប់មកនៅចុងខែមករា ខាងមុខនេះម្តងទៀត ជួបជាមួយ ពុក ម៉ែ បងប្អូន ។ 

សូមបញ្ជាក់ជូនផងដែរ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក៏មានការជួយផ្គត់ផ្គង់ផងដែរ ពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ចំនួន ១.០០០ លីត្រ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានជួយផ្គត់ផ្គង់ប្រេង ចំនួន ២.០០០លីត្រផងដែរ សម្រាប់បូមទឹកចែកចាយដាក់ស្រែជូនប្រជាពលរដ្ឋ នៅក្នុងឃុំ ព្រែកសាម៉ាន់នេះឯង៕
















Powered by Blogger.