ប្រកាសចូលកាន់តំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ពិធីប្រកាសចូលកាន់តំណែង នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងមានការចូលរួមពី ប្រតិភូអំណើរ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងនិស្សិតពេទ្យជាច្រើននាក់ ។
យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលស្ដីពី ការតែងតាំង ជូនមន្ត្រីរាជការ ក្នុងឱកាសនោះត្រូវបានសម្រេចប្រកាសចូលកាន់មុខតំណែងលោក តាត សុវណ្ណ នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ចូលកាន់មុខតំណែងជានាយកសាលា ជំនួសលោក តឹក ឡេងស៊ឺ ត្រូវបានចូលនិវត្តន៍ ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលោក សាស្ត្រចារ្យ តឹក ឡេងស៊ឺ អតីតៈនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលលោកសាស្ត្រាចារ្យបានរួមចំណែកក្នុងការបង្កើនធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលបានបន្សល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងជាច្រើន អំឡុងពេលលោកទទួលភារកិច្ច ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរចំពោះលោក តាត សុវណ្ណ ដែលត្រូវបានក្រសួងសុខាភិបាល បានផ្តល់ការទំនុកចិត្តតែងតាំងជានាយកសាលាសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគស្ទឹងត្រែង ។ ហើយការតែងតាំងនេះសមស្របទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់លោកចាប់តាំងពីនៅជានិស្សិតរហូតបានក្លាយជាមន្ត្រីសុខាភិបាល ។ ទន្ទឹមនេះឯកឧត្តម បានជម្រុញឱ្យលោកនាយកសាលាថ្មីដែលទើបចូលកាន់មុខតំណែងត្រូវខិតខំប្រឹងប្រែងរក្សាឱ្យបាននូវអ្វីដែលជាវឌ្ឍនភាពរបស់សាលា និងត្រូវមានសាមគ្គីភាព និងការរួបរួមគ្នា ដើម្បីឱ្យអង្គភាពយើងមានកេរ្តិ៍ឈ្មោះល្អ រួមចំណែកឱ្យខេត្តមានការអភិវឌ្ឍន៍ ទទួលបានការកោតសរសើ តាមរយៈជំនាញចំណេះដែលលោកធ្លាប់ទទួលបាន ។
ឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់លោកនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងដែលទើបត្រូវបានតែងតាំងនាពេលនេះត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន បន្តពង្រឹងការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត,ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយគណ:គ្រប់គ្រងសាលា សាស្រ្តាចារ្យ សំដៅលើកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសើរ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ ៕
Post a Comment