ហ្សេលេនស្គី៖ លោក ត្រាំ អាចបញ្ចប់សង្រ្គាមអ៊ុយក្រែន លុះត្រាតែអ៊ុយក្រែន មានវត្តមានក្នុងកិច្ចចរចា
ប្រភព៖ Reuters
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបំពេញតាមពាក្យសន្យារបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបាន លុះត្រាតែអ៊ុយក្រែនមានវត្តមាននៅក្នុងកិច្ចចរចា។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសទទួលស្វាគមន៍ប្រធានាធិបតីម៉ុលដាវី
លោកស្រី Maia
Sandu ដែលបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ កាលពីថ្ងៃសៅរ៍ ទី២៥
ខែមករា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ការបិទបញ្ចប់សង្រ្គាមនឹងមិនអាចធ្វើទៅកើតទេ
លុះត្រាតែលោក ត្រាំ បញ្ចូលអ៊ុយក្រែនទៅក្នុងកិច្ចចរចា
ឬអាចនិយាយបានថាវានឹងមិនដំណើរការទេ ពីព្រោះរុស្ស៉ីមិនចង់បញ្ចប់សង្រ្គាម
ខណៈអ៊ុយក្រែនចង់បញ្ចប់សង្រ្គាមនោះទេ»។
លោក ហ្សេលេនស្គី
បន្ថែមថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាចនឹងត្រូវបានលើកឡើងនៅក្រោមអាណត្តិរបស់លោក
ត្រាំ នៅមិនទាន់ប្រាកដប្រជា នៅឡើយទេ ហើយសូម្បីតែ លោក ត្រាំ
ក៏ប្រហែលជាមិនច្បាស់ខ្លួនឯងដែរ ដ្បិតលោក ពូទីន មិនមានបំណងបញ្ចប់សង្រ្គាមឡើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ
ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា
បានសន្យាអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន
ដោយប្រើពេលត្រឹមមួយថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែ
ក្រុមមន្ត្រីរបស់លោកបានទទួលស្គាល់ថាការបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចំណាយពេលច្រើនខែ៕
Post a Comment