ត្រាំ បណ្ដេញមន្ត្រីក្នុងក្រសួងយុត្តិធម៌ជាច្រើននាក់ ដែលធ្លាប់ចូលរួមស៊ើបអង្កេតប្រឆាំងរូបលោក
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌អាមេរិករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានបណ្ដេញមន្ត្រីរបស់ខ្លួនជាច្រើននាក់ដែលធ្លាប់បានចូលរួម ក្នុងការស៊ើបអង្កេតលើ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក ត្រាំ។
ការបណ្ដេញមន្ត្រីទាំងនេះ
មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះថាលោក ត្រាំ
បានគំរាមតាំងពីអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះថាលោកនឹងបណ្ដេញលោក Smith
ចេញពីតំណែង រួមទាំងសងសឹកអ្នកដែលបានចូលរួម ក្នុងការស៊ើបអង្កេតរូបលោក
ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ លោក ត្រាំ
ថែមទាំងបានចោទប្រកាន់ទៀតផងថាក្រសួងយុត្តិធម៌នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន
ត្រូវបានប្រើជា ឧបករណ៍នយោបាយប្រឆាំងនឹងរូបលោក។
តាមមន្ត្រីម្នាក់របស់ក្រសួងយុត្តិធម៌ លោក James
McHenry ជារដ្ឋមន្ត្រីយុត្តិធម៌ស្ដីទី បានធ្វើការសម្រេចចិត្តខាងលើ
ពីព្រោះលោកជឿថាមន្ត្រីទាំងអស់នោះមិនអាចទុកចិត្តបានថានឹងអនុវត្តយ៉ាងពេញលេញ
តាមរបៀបវារៈរបស់លោកប្រធានាធិបតី ត្រាំ នោះទេ ពីព្រោះពួកគេធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការចោទប្រកាន់លោកប្រធានាធិបតី»។ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើមានមន្ត្រីប៉ុន្មាននាក់ ក្នុង
ក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញឡើយ
តែប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាអាចមានមន្ត្រីយ៉ាងហោច១២នាក់
ត្រូវបានបណ្ដេញចេញ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack
Smith ដែលកាន់សំណុំរឿងព្រហ្មទណ្ឌចំនួន២ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ
បានលាលែងចេញពីតំណែងកាលពីដើមខែមករា។ លោក Smith បាន
ចោទប្រកាន់លោក ត្រាំ ពីបទប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតដោយខុសច្បាប់កាលពីឆ្នាំ២០២០
និងកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់ ក្រោយចាកចេញពីសេតវិមាន៕
Post a Comment