ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី ២២ខែ មករា  ឆ្នាំ២០២៥  បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា និងសាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ ខេត្តរតនគិរី។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

បន្ទាប់ពីលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសប្បទាខេត្តរតនគិរី ធ្វើសេចក្តីរាយការណ៍ សង្ខេបស្តីវឌ្ឍនភាពការងារ របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តរួចមក ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានសម្តែង នូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងពិធីជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាខាមូលនិធិជនពិការខេត្តរតនគិរី នាពេលនេះ ។

ឯកឧត្តម អភិបាលខេត្ត សាទរនិងថ្លែងអំណរគុណ ចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលដែលបានការដាក់ ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែទទួលផលពីផ្លែផ្កានៃសុខសន្តិភាព ដែលជាមរតកស្នាដៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានខិតខំប្រឹងប្រែងរកមកបានដោយលំបាក ។ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហា បវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តោតការយកចិត្ត ទុកដាក់ និងបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវ ប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍ មូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះគឺ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

មានប្រសាសន៍ សំណេះ សំណាលនាឱកាសនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តរតនគិរីដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ 

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំ ប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តរតនគិរី ក៏ដូចជាមន្ត្រីរាជការក្រោម ឱវាទទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ថា ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បាននិងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដ៏ដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងលោកជំទាវ ក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជនមានពិការភាពចំនួន៥០នាក់ និងសួរសុខទុក្ខ ភូមិកុមារSOS នៅក្នុងសង្កាត់កាចាញ ក្រុងបានលុង។នៅក្នុងនោះជនមានពិការភាព ម្នាក់ៗទទួលបាន អង្ករ០១បាវ មី០១កេស. ត្រីខ០១យួរ. ទឹកត្រី០១យួរ. ទឹកសុីអុីវ០១. យួរ.ស្ករស០១កញ្ចប់ .អំបិល០១កញ្ចប់ និង ថវិកា៥មុឺនរៀល។ដោយឡែកភូមិកុមារSOSទទួលបាន មីជាតិ១០កេស. ទឹកត្រី១០យួរ. ទឹកសុីអុីវ១០យួរ.ប្រេងឆា១០ដប និងថវិកា២លានរៀលផងដែរ៕
















Powered by Blogger.