ក្រសួង ស្ថាប័ន ពាក់ព័ន្ធបូមទឹកពីទន្លេបាទី ចូលប្រឡាយដើម្បីសង្គ្រោះស្រូវកសិករជាង ៣ពាន់គ្រួសារ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅស្រុកបាទី ខេត្តតាកែវ តាមរយៈការបូមទឹកពីទន្លេបាទីចូលប្រឡាយដើម្បីទុកឲ្យកសិករចំនួន៣៥០០ បង្កបង្កើនផលស្រូវ។

ការចុះទៅដោះស្រាយរបស់ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីដោះបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅខេត្តតាកែវនេះ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដែលមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។

តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី វាយតម្លៃថា ករណីខ្វះខាតទឹកនេះបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ ២ដង ដែលមានចំនួន ៤ ០០០ ហិកតាខណៈដែលសមត្ថភាពទឹកអាចផ្គត់ផ្គង់ត្រឹម ២ ០០០ ហិកតាប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្របសម្រួលជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រលាយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក និងការព្រួយបារម្មណ៍របស់ប្រជាកសិករចំនួន ៣៥០០គ្រួសារ។

ជាលទ្ធផល ក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋ បូមទឹកស្តុកបំពេញប្រឡាយចំនួន ១៨ គីឡូម៉ែតនេះដែលមានការរីងស្ងួត ចំនួន៧ថ្ងៃក្នុងវគ្គទី១​ និងបន្តបូមបន្ថែមទៀតនៅវគ្គទី២។ ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំង ៣ ៥០០ គ្រួសារចូលរួមសហការគ្នាជាមួយអាជ្ញាធរ និងកងកម្លាំងទាំង ៣ប្រភេទ ក្នុងការកំណត់ពេលបូមទឹករួមគ្នា នៅពេលមានទឹកពេញប្រឡាយគ្រប់គ្រាន់ ដើម្បីទទួលបានទឹកប្រើប្រាស់ទាំងអស់គ្នា និងមានតម្លាភាព។

តាមរយៈលទ្ធផលវិជ្ជមាននេះ ប្រជាពលរដ្ឋបានសម្តែងការជឿទុកចិត្ត និងបង្ហាញក្តីសង្ឃឹមគាំទ្រ លើរាជរដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ដំណោះស្រាយក្នុងបញ្ហានេះ។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអន្តរាគមន៍ទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះទេ៕












 


Powered by Blogger.