នាយករដ្ឋមន្ត្រីឡាវ លើកទឹកចិត្តឲ្យក្រសួង-ស្ថានប័ន ព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀត
វៀងចន្ទន៍៖ រសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមារញឹក អនុញ្ញាតជូនគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបាននាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដោយ (១). ពិនិត្យលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី (២). ពិនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៣). ពិនិត្យលទ្ធភាព បង្កើតយន្តការប្រជុំប្រចាំឆ្នាំនៃរដ្ឋបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងពិនិត្យលើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង (៤) ជំរុញឱ្យមានការតាំងពិព័រណ៍, វេទិកាធុរកិច្ច និងវិនិយោគ, ទេសចរណ៍, ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ឧស្សាហកម្មឡាវ ជាដើម។
Post a Comment