កម្ពុជាស្វាគមន៍កូនផ្សោតទី២ នាដើមឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែង៖ គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF

ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទី២ នាវេលាម៉ោង២:១៥នាទីរសៀល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចអន្លង់ត្បូងខ្លា ក្នុងភូមិសាស្ត្រភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។

នេះជាកូនផ្សោតទី២ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕





 

Powered by Blogger.