ក្រសួងព័ត៌មានផ្តល់តួនាទី និងភារកិច្ចឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

អត្ថបទ៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មានកន្លងមកនេះ បានបង្កើត និងពង្រឹងយន្តការការងារនៅថ្នាក់ក្រោមជាតិ តាមរយៈ ការលើកកម្ពស់តួនាទី និងភារកិច្ចរបស់មន្ទីរព័ត៌មានរាជធានី- ខេត្តទាំង២៥ លើការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ និងការងារសាធារណៈមតិប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុង បរិការណ៍នៃបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ បានណែនាំអោយមន្ទីរព័ត៌មានរាជធានីខេត្តបំពេញការងារគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន កុំអោយឡើងដល់ថ្នាក់ជាតិ តាមរយៈត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក ណាដែលត្រឹមត្រូវ គឺត្រូវ ចែករំលែកបន្ត ប៉ុន្តែក្នុងករណី ព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងអោយបានឆាប់រហ័ស។

ដើម្បីធានាប្រសិទ្ធភាពការងារលើការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ ក្រសួងព័ត៌មាន បានសម្រេចផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន-ស្កេនឯកសារ (ក្របខណ្ឌ គ.ស.ព.ស.) ម៉ាស៊ីនថតវីដេអូ ជើងកាមេរ៉ា ព្រមទាំងឧបករណ៍ផ្សេងទៀត (ក្របខណ្ឌក្រសួងព័ត៌មាន) ត្រូវបានប្រគល់ជូនក្រុមការងារព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានក្នុងរាជធានីខេត្តទាំង២៥ ដែលក្នុង១ខេត្តៗមាន៥នាក់ ដើម្បីប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ រួមទាំងប្រាក់ឧបត្ថម្ភការងារទៀតផង។ ទន្ទឹមនេះ ក៏មានការបំពាក់បំប៉នសមត្ថភាព តាមរយៈការចុះទៅបណ្តុះបណ្តាល ដែលរហូតមកដល់ពេលនេះ បានធ្វើនៅខេត្តកំពង់ធំខេត្តកណ្តាល និងថ្មីៗនេះនៅខេត្តកំពត។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងឱកាសចុះទៅបណ្តុះបណ្តាលដល់មន្ត្រីក្រុមការងារព័ត៌មាននិងសាធារណៈមតិនៃមន្ទីរព័ត៌មានក្នុងខេត្តកំពត កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានណែនាំឱ្យមន្ត្រីក្រុមការងារព័ត៌មាន និងសាធារណៈមតិ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ ដែលមាននៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ពិសេសមន្ទីរត្រូវបង្កើតទីលានជជែកដេញដោលព័ត៌មានផ្សេងៗ ដោយក្នុងនោះត្រូវចាក់បញ្ចូលនូវព័ត៌មានវឌ្ឍនភាពលើគ្រប់វិស័យរបស់ខេត្ត និងដោយប្រកាន់ខ្ជាប់ការអនុវត្តវិធីសាស្ត្រព័ត៌មានបែបបុរេសកម្ម និងមិនត្រូវទុកអោយព័ត៌មានក្លែងក្លាយនាំមុខនៅក្នុងលំហសាធារណៈមតិឡើយ ដែលវាអាចឈានទៅបង្កការបំពុលព័ត៌មាន ភាពចលាចល ឬអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គមកម្ពុជាទាំងមូល។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញថា ការអនុវត្តការងារព័ត៌មាន និងសាធារណមៈតិ ត្រូវធ្វើឡើងជាប្រចាំ ដោយសហការ និងសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជំរុញយន្តការនេះ ឱ្យក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកកម្ពស់យន្តការដំណោះស្រាយចំពោះរាល់បញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការជំរុញការងារព័ត៌មាននិងសាធារណៈមតិនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រសួងក្រសួងព័ត៌មាននៅក្នុងឆ្នាំ២០២៤កន្លងមកនេះ បានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួន ៣,៦៥១ករណី ពោលគឺជាមធ្យមប្រមាណ១០ករណី ដែលត្រូវបានគេប្រតិដ្ឋឡើងខុសពីការពិត ក្នុងគោលបំណងធ្វើអោយសង្គមមានភាពច្របូកច្របល់ ដើម្បីទាញយកផល ប្រយោជន៍ផ្ទាល់ខ្លួន ឬផ្នែកនយោបាយ បង្កអោយមានការរើសអើងក្នុងសង្គម និងការប្រតិដ្ឋព័ត៌មានក្លែងក្លាយមួួយចំនួនទៀតធ្វើឡើងគ្រាន់តែដើម្បីទទួលបានចំណូលពី ការផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ ដោយមិនខ្វល់ពីផលប៉ះពាល់ចំពោះសង្គម សន្តិសុខជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ៕







 

Powered by Blogger.