រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត ត្រូវខិតខំបន្តផលិត និងផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលខេត្តឱ្យបានច្រើន

 អត្ថបទ៖ ក្រសួងព័ត៌មាន

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ត្រូវធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្ត លើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ពិនិត្យរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

ការថ្លែងរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន ដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានា ទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងបន្ថែមទៀតលើការងារផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្ត ក្នុងការងារព័ត៌មាន និងសាធារណមតិ៕







 

Powered by Blogger.