ការស្ទង់មតិរបស់ CGTN ៖ សហរដ្ឋអាមេរិកចង់គូរផែនទីគ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញ គោលនយោបាយការទូតជ្រុលនិយមនាំឱ្យអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោករិះគន់យ៉ាងខ្លាំង
បរទេស៖ ប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៊ិកយកព្រែកជីកប៉ាណាម៉ាមកវិញ ទិញកោះ Greenland ។ល។ ការសម្តែងអាកប្បកិរិយានៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែលមិនច្រានចោលការប្រើប្រាស់មធ្យោបាយគំរាមកំហែងដោយយោធានិងសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវផែនការវាតទីនិយមរបស់អាមេរិកបានធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៦ភាគរយបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើនៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែលជំរុញផែនការវាតទីនិយម ដោយយល់ឃើញថា នេះជាទង្វើផ្តាច់ការនិងអនុត្តរភាពនិយមសុទ្ធសាធ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៦,៤ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកធ្វើសេចក្តីសម្រេចចិត្តប្តូរឈ្មោះឈូងសមុទ្រក្នុងសភាពការណ៍ដែលមិនបានពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយប្រទេសជុំវិញឈូងសមុទ្រម៉ិកស៊ិក បានបំផ្លាញប្រពៃណីវប្បធម៌ភូមិសាស្ត្រ ហើយក៏បង្ករឿងសាកល្បងនឹងកិត្យានុភាពរបស់អង្គការសហប្រជាជាតិផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,៤ភាគរយបានយល់ឃើញថា ផែនការវាតទីនៃរដ្ឋាភិបាលអាមេរិកបានបំផ្លាញដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្ត និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ។
ទាក់ទិននឹងមហិច្ឆិតាអំពីការគូរផែនទីគ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញនៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៩ភាគរយបានរិះគន់ថា ផែនការវាតទីនិយមនៃរដ្ឋាភិបាលអាមេរិកនឹងបង្កើនស្ថានការណ៍តានតឹងនៅទូទាំងពិភពលោកនិងបំផ្លាញសន្តិភាពក្នុងតំបន់និងស្ថិរភាពពិភពលោក ៕
Post a Comment