អ៊ុយក្រែនចាប់ខ្លួនទាហានកូរ៉េខាងជើង ២នាក់ ក្នុងតំបន់ Kursk
ប្រភព៖ Reuters
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាអ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះគឺជាលើកដំបូងបំផុតដែលអ៊ុយក្រែនប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេបានប្រឡូកក្នុងសង្រ្គាមកាលពីពេលថ្មីៗនេះ»។
ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយឱ្យទៅជួយកងកម្លាំងរុស្ស៉ី
កាលពីខែតុលា ឆ្នាំ២០២៤ ខណៈបើតាមទីក្រុងកៀវ
និងសម្ព័ន្ធមិត្តលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ជាង ១០ ០០០នាក់
ឬច្រើនជាងនេះកំពុងប្រយុទ្ធនៅលើសមរភូមិ។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី
បាននិយាយថាទាហានកូរ៉េខាងជើងដែល ត្រូវបានចាប់ខ្លួនទាំង២នាក់
ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកៀវ។ «ដូចគ្នាទៅនឹងឈ្លើយសឹកទាំងអស់
ទាហានកូរ៉េខាងជើងទាំង២នាក់នេះកំពុងទទួលបានការព្យាបាល»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គី
ជាមួយការបន្ថែមថាអ្នកសារព័ត៌មាននឹងត្រូវបានអនុញ្ញាតឱ្យជួបនិយាយជាមួយទាហានកូរ៉េខាងជើងទាំង២រូប។
អ៊ុយក្រែនបានឱ្យដឹងថាទាហានកូរ៉េខាងជើងកំពុងជួយកងកម្លាំងរុស្ស៉ី
នៅក្នុងតំបន់ Kursk
ជាទីដែលកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកថ្មើរជើង
កាលពីខែសីហា ឆ្នាំមុន និងកំពុងកាន់កាប់ទឹកដីមួយចំនួន។
ទីក្រុងព្យុងយ៉ាងក៏រងការចោទប្រកាន់ដែរថាបានបញ្ជូនអាវុធទៅឱ្យរុស្ស៉ី តែទាំងរុស្ស៉ី
និងកូរ៉េខាងជើងមិនបានទទួលស្គាល់នោះទេ ហើយក៏ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់លោក
ហ្សេលេនស្គី អំពីទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួនជាឈ្លើយសឹកនោះដែរ៕
Post a Comment