សំណង់ សិល្បៈការផ្សេងៗ នៅសហគមន៍ជនជាតិដើមភាគតិចឃុំប៉ូយ ជាជំនួយរបស់គម្រោង LASED III ត្រូវបានបើកការដ្ឋានសាងសង់

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ពិធីបើកការដ្ឋានសាងសង់សំណង់សិល្បៈការខាងលើត្រូវបានប្រារព្ធធ្វើឡើងព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ខណ្ឌ ចំណាន ឯកឧត្តម ងិន ណែល អភិបាលរង ខេត្តរតនគិរី និងលោកបណ្ឌិត ថុល ឌីណា នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III)។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រតនគិរី និងជាប្រធានគ្រប់គ្រងគម្រោង LASED III ថ្នាក់ខេត្តបានលើកឡើងថា សំណង់សិល្បៈការផ្សេងៗ នៅសហគមន៍ជនជាតិដើមទាំង៣ភូមិខាងលើជាជំនួយរបស់គម្រោង LASED III រួមមាន សាលារៀន ប៉ុស្តិ៍សុខភាព អគារបន្ទប់ទឹក អាងស្តុកទឹក ដងទង់ជាតិ សួនកុមារ របងលួសជុំវិញប៉ុស្តិ៍សុខភាព ខ្លោងងទ្វារ និងឡដុតសំរាម ក្នុងនោះសហគមន៍ភូមិក្រឡាទទួលបានសាលារៀន០១ខ្នង ៥បន្ទប់ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង៩ម៉ែត្រ មាន ជម្រាលសម្រាប់ជនពិការចំនួន០១ត្រូវបំពាក់នូវបរិក្ខាមានដូចជាតុគ្រូចំនួន០៥. កៅអីគ្រូចំនួន០៥. ក្តាខៀនហ្វីតចំនួន០៥. តុសិស្សចំនួន ១២០ និងដងទង់ជាតិ១។សហគមន៍ភូមិតាង៉ាច ទទួលបានមានសាលារៀន១ខ្នង០៣ បន្ទប់មានបណ្តោយ២៤ម៉ែត្រ ទទឹងប្រវែង០៩ ម៉ែត្រ មានជម្រាលសម្រាប់ជនពិការចំនួន ០១ និងត្រូវបំពាក់បរិក្ខា. តុគ្រូចំនួន០៣. កៅអីគ្រូចំនួន០៣. ក្តាខៀនហ្វីតចំនួន០៣. តុសិស្សចំនួន៧២. អគារបន្ទប់ទឹក១ខ្នង(៥បន្ទប់) អណ្តូង០១បំពាក់ម៉ូទ័បូមទឹក១ឈុត. អាងស្តុកទឹកធ្វើអំពីលបេតុង០១.ដងទង់ជាតិ០១ និងសួនកុមារ០១។ សហគមន៍ភូមិកងកុយទទួលបានសាលារៀន១ខ្នង០៣ បន្ទប់ បណ្តោយ២៤ម៉ែត្រ ទទឹងប្រវែង ០៩ម៉ែត្រ មានជម្រាលសម្រាប់ជនពិការចំនួន០១ មានបំពាក់បរិក្ខា. តុគ្រូចំនួន០៣. កៅអីគ្រូចំនួន០៣. ក្តាខៀនហ្វីតចំនួន០៣. តុសិស្សចំនួន៧២. អគារបន្ទប់ទឹក១ខ្នង(៥បន្ទប់)អណ្តូង០១ខ្នង បំពាក់ម៉ូទ័បូមទឹក១ឈុត. អាងស្តុកទឹកធ្វើអំពីលូបេតុង០១. ដងទង់ជាតិ០១និងសួនកុមារ០១អគារប៉ុស្តិ៍សុខភាពចំនួន ០១ខ្នងបណ្តោយ ១០ម៉ែត្រ និងទទឹង ៤.៥ម៉ែត្រ. អគារបន្ទប់ទឹក០១ខ្នង (មាន៣បន្ទប់) អាងស្តុកទឹកធ្វើអំពីលូបេតុង ០១ របងលួសជុំវិញអគារ ក្លោងទ្វារ និងឡដុតសំរាម០១។

ថ្លែងទៅកាន់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមនាឱកាសនេះ ឯកឧត្តម ខណ្ឌ ចំណាន អភិបាលរងខេត្ត បានសម្តែងនូវការសប្បាយរីករាយ ដោយខេត្តរតនគិរី ត្រូវបានជ្រើសរើសជាខេត្តគោលដៅនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងសហគមន៍ ដែលធ្វើឱ្យសហគមន៍កាន់តែមានទំនុកចិត្ត ផ្តល់នូវការ អប់រំ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។ 

ឯកឧត្តម អភិបាលរងខេត្តក៏បានសម្តែងនូវអបអរសាទរចំពោះពុកម៉ែបងប្អូនសហគមន៍ទាំង៣ ដែលពេលខាងមុខ បន្ទាប់ពីសាលារៀន និង ប៉ុស្តិ៍សុខភាពត្រូវបានសាងសង់រួច បងប្អូនកាន់តែមានភាពងាយស្រួលក្នុងការបញ្ជូនកូនៗទៅរៀន នៅជិតផ្ទះក្នុងភូមិ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ មានការលំបាក ជាពិសេសនៅរដូវវស្សា លុប បំបាត់នូវអត្រាបោះបង់ការសិក្សា។ហើយផ្នែកថែទាំសុខភាពក៏កាន់តែមានភាពងាយស្រួល កាត់បន្ថយអត្រាមរណភាព កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា ជាពិសេសស្ត្រីដែលត្រូវសម្រាក សម្រាលកូន ចាស់ជរា និងជនងាយរងគ្រោះ ការឈឺថ្កាត់យប់ព្រលប់ផ្សេងៗ។ 

ឯកឧត្តម ខណ្ឌ ចំណាន សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់បញ្ជូនកូនៗទៅរៀនឱ្យបានគ្រប់ៗ គ្នាដើម្បីឱ្យពួកគេមាន ចំណេះដឹង អាចមានឱកាសរកការងារដែលល្អ សមសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដើម្បីចូលរួមចំណែកអភិវឌ្ឍក្រុមគ្រួសារ សហគមន៍មូលដ្ឋាន និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន៕











Powered by Blogger.