Yoon Suk Yeol ត្រូវបានចោទប្រកាន់ពីបទបះបោរ ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក
ប្រភព៖ Reuters
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ ពីបទដឹកនាំការបះបោរទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក រយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ។
មេធាវីរបស់លោក Yoon បានរិះគន់ការចោទប្រកាន់នេះថាជាជម្រើសដ៏អាក្រក់បំផុត និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ
ដោយប្រើវិធានការចាំបាច់ប៉ុណ្ណោះ។ ចំណែកឯ គណបក្សប្រឆាំងបានសម្តែងការស្វាគមន៍ចំពោះការចោទប្រកាន់នេះ។
ការចោទប្រកាន់បែបនេះ គឺមិនធ្លាប់មានពីមុនមកទេ
សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់អំណាច ហើយប្រសិនបើលោក Yoon
ត្រូវបានរកឃើញថាមានទោស នោះលោកអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ។
បទបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន
ដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនអាចទទួលបានអភ័យឯកសិទ្ធិទេ។ ទោសសម្រាប់បទល្មើស នេះ
អាចមានរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត
ទោះបីជាទោសប្រហារជីវិតមិនត្រូវបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយក្តី។
ការចោទប្រកាន់លោក Yoon
ពីបទបះបោរគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងវិបត្តិនយោបាយដែលកំពុងបន្តនៅកូរ៉េខាងត្បូង។
ការណ៍នេះបង្ហាញពីភាពធ្ងន់ធ្ងរនៃការ ចោទប្រកាន់ប្រឆាំងនឹងលោក
និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការស៊ើបអង្កេតឱ្យដល់ទីបញ្ចប់។
អនាគតនយោបាយរបស់លោក Yoon ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែល
តុលាការធម្មនុញ្ញ នឹងត្រូវសម្រេចលើជោគវាសនារបស់លោក ក្នុងពេល ឆាប់ៗនេះ៕
Post a Comment