ឆ្នាំ២០២៤ កម្ពុជានាំចេញថ្មអារសន្លឹកជាង៥លានការ៉េ មានការកើនឡើង

អត្ថបទ៖ ថោង វណ្ណា 

ភ្នំពេញ៖ ដោយព្រះរាជាណាចក្រកម្ពុជា ជាដែនដីសុវណ្ណភូមិស្រោបទៅដោយប្រាសាទសិលាល្បីល្បាញនៅលើពិភពលោក និងសំបូរទៅដោយធនធានរ៉ែធម្មជាតិគ្រប់ប្រភេទ ទើបមានក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ និងវិនិយោគលើអាជីវកម្មថ្មអារសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។

បើតាមរបាយការណ៍បង្ហាញថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ មានក្រុមហ៊ុនប្រមាណតែ ៣០ក្រុមហ៊ុនប៉ុណ្ណោះ និងប្រមាណជាង ៦០គម្រោង នៃទុនវិនិយោគជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែសព្វថ្ងៃមានក្រុមហ៊ុនជាង ៧០ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មថ្មអារនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនជាច្រើនមានសមត្ថភាពនាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី ២០០០០កុងតឺន័រ ទៅ៣០០០០កុងតឺន័រ ហើយនៅឆ្នាំ២០២៤ បរិមាណផលិតថ្មអារសន្លឹក នាំចេញមានចំនួន ជាង ៥លានការ៉ែ មានការកើនឡើងបើធៀបនិងឆ្នាំ២០២៣។

ដោយសារតែតម្រូវការថ្មអារធម្មជាតិ និងសម្ភារសំណង់នាំចូលនានាដូចជា ម្នាងសិលា កំបោរ និងស៊ីម៉ងត៍ជាដើម ដែលនាំចូលក្នុងទីផ្សារក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់កើនឡើងដល់ ២០៩ ២១៥ ០០០ដុល្លារអាមេរិកគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតលើគម្រោងសាងសង់ទូទាំប្រទេសចំនួន ៣២០៧គម្រោង មានទុនវិនិយោគប្រមាណ ២ ៩៧២ ២៦០ ៩២៨ដុល្លារអាមេរិក កើនឡើង ៤៤.៤១%។ នេះបើតាមរបាយការណ៍។

លោកស្រី ឡេង ដាវី អនុប្រធានសមាគមន៍ថ្មអារបានឱ្យដឹងថា ស្ទើរតែ៩០%នៃផលិតផលថ្មអារដែលកែច្នៃក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលកន្លងទៅដោយសារវិបត្តិសេដ្ឋកិច្ចសកលធ្វើឱ្យតម្រូវការមានការធ្លាក់ចុះ។

លោកស្រីថា តាមរយៈការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបន្ធូរបន្ថយពន្ធ និងការសម្របសម្រួលនីតិវិធីសម្រាប់នាំចេញ ធ្វើឱ្យអាជីវកម្មរ៉ែថ្មអារដែលស្ទើរតែដួលរលំទៅហើយនោះ មានសន្ទុះងើបឡើងវិញកើនដល់៤ដងគិតត្រឹមឆ្នាំ២០២៤។

បើតាមលោក គង់ សុីថា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានប្រមូលចំណូលពីវិស័យធនធានរ៉ែថ្មអារបានប្រមាណ ៩០លានដុល្លារអាមេរិកចូលក្នុងថវិកាជាតិ៕










 


Powered by Blogger.