គ្រោះថ្នាក់យន្តហោះបុកគ្នា នៅវ៉ាស៊ីនតោនមនុស្សស្លាប់សរុប ៦៧នាក់
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ហេតុការណ៍គ្រោះថ្នាក់យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បុកគ្នាជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក សម្លាប់មនុស្សទាំងអស់ ៦៧នាក់ ខណៈដែលមូលហេតុនៅមិនទាន់អាចបញ្ជាក់បានទេ។
គ្រោះមហន្តរាយផ្លូវអាកាសដែលបង្កឱ្យមានមនុស្សស្លាប់ច្រេីនបំផុតនៅសហរដ្ឋអាមេរិក
ក្នុងរយៈពេលជាង ២០ឆ្នាំ ត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ
រិះគន់ទៅលេីអ្នកបើកឧទ្ធម្ភាគចក្រ
និងដាក់បន្ទុកទៅលេីក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។
យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA
Airlines បានបុកគ្នានៅកណ្ដាលអាកាស កាលពីយប់ថ្ងៃពុធ ទី២៩ ខែមករា
(ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk ហើយបានធ្លាក់ចូលទន្លេ Potomac ស្ថិតនៅក្បែរអាកាសយានដ្ឋាន
នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។
PSA Airlines ដែលធ្វើប្រតិបត្តិការជើងហោះហើរលេខ
៥៣៤២ សម្រាប់ក្រុមហ៊ុន American Airlines គឺបាន
ហោះចាកចេញពីទីក្រុង Wichita រដ្ឋ Kansas។ តាម American Airlines យន្ដហោះនេះមានផ្ទុកអ្នកដំណើរ៦០នាក់
និងក្រុមការងារនៅលើយន្ដហោះ៤នាក់ រីឯយោធាអាមេរិកអះអាងថាមានទាហាន ៣នាក់
ជិះនៅលើឧទ្ធម្ភាគចក្រ Black Hawk។
អាជ្ញាធរអាមេរិកនិយាយថា
វាមិនទាន់ច្បាស់ទេថាតេីហេតុអ្វីបានជាយន្តហោះក្នុងតំបន់
និងឧទ្ធម្ភាគចក្រកងទ័ពអាមេរិក បុកគ្នានៅអាកាសយានដ្ឋានទីក្រុងវ៉ាស៊ីនតោនបែបនេះ។
ក្រុមអ្នកស៊េីបអង្កេតបានរកឃើញប្រអប់ខ្មៅ ពីយន្តហោះធុន Bombardier
CRJ700 របស់ American Airlines។
របាយការណ៍បឋមអំពីឧបទ្ទវហេតុនេះអាចត្រូវចំណាយពេល ៣០ថ្ងៃ។
សមាជិកក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) លោក Todd Inman និយាយថា ឧទ្ធម្ភាគចក្រយោធាត្រូវបានបំពាក់ ជាមួយឧបករណ៍ថតសំឡេងមួយចំនួន ហើយឧបករណ៍ទាំងនោះនឹងត្រូវយកមកពិនិត្យដោយក្រសួងការពារជាតិ ឬដោយពួកយើង។ NTSB និងក្រសួងការពារជាតិ មានកិច្ចព្រមព្រៀងចែករំលែកទិន្នន័យនៅលើឧបករណ៍ថតសំឡេងទាំងនោះ៕
Post a Comment