ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២.៨៤៤លើក បណ្ដាលមនុស្សស្លាប់ ១.៥០៩នាក់ និងរបួស ៣.៧២០នាក់

ភ្នំពេញ៖ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២.៨៤៤ ថយចុះ១៤% ក្នុងនោះ មនុស្សស្លាប់ ១.៥០៩ នាក់ ថយចុះ៥% និងរងរបួស ៣.៧២០នាក់ ថយចុះ១៨%។ នេះបើយោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ បានបង្ហាញក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ជាពិសេសដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋផងនោះ បានធ្វើឲ្យសណ្តាប់ធ្នាប់ សាធារណៈនៅតាមទីប្រជុំជនជាបណ្តើរៗ មានភាពកាន់តែល្អប្រសើរ។ ជាក់ស្តែង កម្លាំងសណ្តាប់ធ្នាប់នៅតាមរាជធានី-ខេត្ត បានសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈនានាចំនួន ១៤.៥៨៦លើក ដោយបានអប់រំណែនាំប្រជាពលរដ្ឋជាច្រើននាក់ ឱ្យចូលរួម ចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមគោលដៅអាជីវកម្មរបស់ខ្លួន។ គ្រោះថ្នាក់ចរាចរណ៍ (គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤) កើតឡើងសរុប ចំនួន ២.៨៤៤/៣.៣១៧លើក ថយចុះ ៤៧៣លើក ស្មើ ១៤% ក្នុងនោះ មនុស្សស្លាប់ ១.៥០៩/១៥៩០ នាក់ ថយចុះ ៨១នាក់ ស្មើ ៥% និងរងរបួស ៣.៧២០/៤.៥១៥នាក់ ថយចុះ ៧៩៥នាក់ ស្មើ ១៨%។ 

កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ខិតខំប្រឹងប្រែង តស៊ូប្រកបដោយភាពអំណត់អត់ធន់ ចាត់តាំងអនុវត្តផែនការសកម្មភាពរបស់ គ.ស.ច.គ. សំដៅបញ្ចៀស នូវហានិភ័យឲ្យបានជាអតិបរមា ដែលបណ្តាលមកពីការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបាន ចូលរួមជាវាគ្មិននៅស្ថានីយ៍ទូរទស្សន៍ និងវិទ្យុជាតិសរុបចំនួន ៣៣លើក ដើម្បីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរជូនអ្នកបើកយានយន្ត ដឹកនិយោជិក កម្មករ និងសិស្សានុសិស្សសរុបចំនួន ៣.៤៣០នាក់ (អ្នកបើកបរ ៣៥០នាក់) និងផ្សព្វផ្សាយ ចែកលិខិត និង បានសហការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ រួមគ្នាស្វែងយល់អំពីច្បាប់ចរាចរណ៍ និង ផលប៉ះពាល់នៃគ្រឿងញៀន” នៅសាលារៀនក្វាងចាវ ខណ្ឌទួលគោក ដែលមានអ្នកចូលរួមសរុប ចំនួន ៥៣១នាក់ (សិស្សានុសិស្ស ២០០នាក់)៕



 

Powered by Blogger.