ប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ, តែងតាំងអភិបាល និងអភិបាលរងចំនួន៦រូប
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមប្រឹក្សាឃុំ សង្កាត់ ។
ប្រកាសផ្ទេរមុខតំណែង
និងតែងតាំង មុខតំណែង លោក នួន ប៊ុនថុល ពីអភិបាលក្រុងកោះរ៉ុង មកជាអភិបាលក្រុងកំពង់សោមវិញ
និង ប្រកាសតែងតាំងអភិបាលរងក្រុងចំនួន៦នាក់ និង សមាជិក្រុមប្រឹក្សារក្រុងចំនួន១២នាក់
និង ប្រគល់ត្រារដ្ឋបាលសង្កាត់ទាំង៥ ក្នុងនោះរួមមានសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង
សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ។
នៅក្នុងឱកាសនោះលោកប្រធានក្រុមប្រឹក្សាក្រុង និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោមបានសម្តែងនូវការគោរព និង ដឹងគុណយ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃហ្មត់ចត់ និងប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ទំនុកចិត្ត ផ្តល់ភារកិច្ចឱ្យមកដឹកនាំ ចាត់ចែង ដោះស្រាយបញ្ហាផ្សេងៗ ប្រចាំថ្ងៃនៅក្រុងកំពង់សោម ដើម្បីបន្តថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសុវត្ថិភាពឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់នៅក្នុងក្រុង ជាមួយគ្នានេះ ក៏ជាការផ្ដល់លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការនិងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនក្នុងក្រុងដោយភាពម្ចាស់ការខ្ពស់ ចំគោលដៅទាន់ពេលវេលាប្រកបដោយ ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌ ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ធានា ដល់ការរស់នៅ ប្រកបដោយភាពសុខសាន្ត របស់ប្រជាជន និងជាពិសេសចូលរួមសម្រេច ឱ្យបានក្នុងការជំរុញខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង។ បន្តកសាងអភិវឌ្ឍ ជូនប្រជាជនក្នុងក្រុងកំពង់សោម ដើម្បីជាសក្ខីភាព ឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមអនុញ្ញាតធ្វើការប្តេជ្ញាចិត្តដូចតទៅ
ទី១-អនុវត្តភារកិច្ចឱ្យស្របទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
ទី២-ធានាឱ្យមានគណនេយ្យភាពដោយផ្ទាល់
ចំពោះថ្នាក់លើ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ទី៣-ប្តេជ្ញាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់
លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើងនៅក្នុងមូលដ្ឋាន
ទី៤-សហការចូលរួមដោះស្រាយវិវាទនានា
ដែលកើតឡើងក្នុងមូលដ្ឋាន របស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់
ទី៥-រក្សាសាមគ្គីភាពផ្ទៃក្នុងក្នុងជួរក្រុមប្រឹក្សា
គណៈអភិបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់
ទី៦-បង្កើតទំនាក់ទំនាក់ទំនងរវាងក្រុមប្រឹក្សា
និងគណៈអភិបាល ឱ្យបានល្អប្រសើរ
ទី៧.អនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តនានាដើម្បីបំពេញតួនាទីភារកិច្ច
ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់
ទី៨-ចូលរួមសហការជាមួយអាជ្ញធរគ្រប់លំដាប់ថ្នាក់
ទី៩-ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព
ក្នុងការបំពេញការងារដែល ថ្នាក់លើប្រគល់ជូន។
ទី១០-ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ទី១១-ជំរុញ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ។
ទី១២-ខិតខំប្រឹងប្រែងចូលរួមចំណែកទាំងកម្លាំងកាយចិត្តដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment