ខែមករា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានជាង៥ពាន់លានដុល្លារ កើនឡើង២៤.៦%
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងខែដំបូងនៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានដុល្លារ កើនឡើង២៤.៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលមានទំហំជាង ៤ពាន់លានដុល្លារ។
តាមរយៈរបាយការណ៍នេះបានឱ្យដឹងថា
ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង២.៣ពាន់លានដុល្លារ
កើនឡើង១៧.៣%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ២.៧ពាន់លានដុល្លារ កើនឡើង៣១.៦%
បើធៀបនឹងខែមករា ឆ្នាំ២០២៤។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា
ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១.៥ពាន់លានដុល្លារ
ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១០០លានដុល្លារ កើនឡើង៤០.៥%
ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង ១.៤ពាន់ដុល្លារ កើនឡើង៣៤.៧%។
ចំណែកសហរដ្ឋអាមេរិក
ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៩០០លានដុល្លារ
កើនឡើង៣៨.៦% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៨៦៨លានដុល្លារ
និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ២៣លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជាដដែល បានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា
បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ
ឥណ្ដូនេស៊ី អង់គ្លេសជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕
Post a Comment