ក្រសួងសាធារណការ ចាប់ផ្តើមស្ទង់មតិ អំពីតម្លៃលេខពិសេសផ្ទាល់ខ្លួន សម្រាប់ម៉ូតូ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស្ទង់មតិពីតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ។
ក្រសួងបានដាក់សំណួរថា
បើសិនមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន
រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន?
ក. ចាប់ពី ២០០.០០០៛ ដល់ ៨.០០០.០០០៛
ខ. ចាប់ពី ១០០.០០០៛ ដល់ ១២.០០០.០០០៛
គ. ផ្សេងៗ។
សូមបញ្ជាក់ថា តាមលោក ផន រឹម
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ
និងដឹកជញ្ជូន
នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)
ដើម្បីបង្ខិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ផន រឹម បានឱ្យដឹងទៀតថា
នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់លោក ប៉េង
ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ
ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង
ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ
ដែលជាម្ចាស់ទោចក្រយានយន្ត។
លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ
ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ
និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ
មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។
បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)
នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕
Post a Comment