រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ការបណ្តុះបណ្តាល គឺជាកត្តាចាំបាច់បំផុត ដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាពឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព
អត្ថបទ៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧នេះ បាននឹងកំពុងខិតខំលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈការជ្រើសរើសនិងការធ្វើទំនើបកម្មការបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈ សារព័ត៌មាន ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណភាពព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍវិស័យ ព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្នុងនោះមានដូចជា៖ បញ្ហាសន្តិសុខព័ត៌មាន ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយគ្មានព្រំដែន ឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត អនក្ខរកម្មឌីជីថល និងព័ត៌មានស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា។
នេះជាការថ្លែងរបស់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម
និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» ជូនដល់មន្ត្រីនៃក្រសួងព័ត៌មានចំនួន
៥៦រូប នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល
និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមជាអធិបតី
លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ។
ឯកឧត្តម
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាកើថា នៅកម្ពុជាយើងមានអ្នកសារព័ត៌មានជាច្រើន
ដែលនៅមិនទាន់បានឆ្លងកាត់ការបណ្តុះបណ្តាល ពង្រឹងវិជ្ជាជីវៈអោយបានត្រឹមត្រូវ
ដូច្នេះហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានខិតខំធ្វើកិច្ចសហការជាមួយ
សមាគមសារព័ត៌មាន ដៃគូរអភិវឌ្ឍ ស្ថាតទូត អង្គការអន្តរជាតិនានា
ដើម្បីរៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន អោយមានចំណេះដឹងត្រឹមត្រូវ
មានសមត្ថភាពក្នុងការសរសេរព័ត៌មានដែលមានគុណភាព ប្រកបដោយជំនឿទុកចិត្ត
និងសុវត្ថិភាពព័ត៌មាន ។ តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការ
សកម្មភាពបណ្តុះបណ្តាលមានចំនួនជាង ៨០វគ្គ ដោយចាប់ផ្តើមពីខែកុម្ភៈ រហូតដល់ខែធ្នូ
ឆ្នាំ២០២៥ ដើម្បីអោយដើរស្របជាមួយរាជរដ្ឋាភិបាលកម្ពុជា
តែងតែងយកចិត្តទុកដាក់ខ្ពស់លើគោលនយោយបាយអភិវឌ្ឍន៍ធនធានមនុស្ស
ដោយផ្តោតលើការបង្កើនសមត្ថភាពមនុស្ស គុណភាពអប់រំ ការបណ្តុះបណ្តាល បច្ចេកទេសនិង
ជំនាញ ដូចបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
តាមរយៈនេះ ក្រសួងព័ត៌មានបានដាក់បញ្ចូលការអភិវឌ្ឍមូលធនមនុស្ស
ជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងៗទៀត ទៅក្នុងទិសដៅយុទ្ធសាស្ត្រ
អភិវឌ្ឍន៍ស្ថាប័ន។
ឯកឧត្តម
រដ្ឋមន្រ្តី បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់មន្ត្រីដែលធ្វើកិច្ចការងារព័ត៌មាន
គឺជាការចាំបាច់ បើសិនជាមន្ត្រីមិនមានសមត្ថភាពពេញលេញច្បាស់លាស់នោះទេ
នោះយើងមិនអាចគ្រប់គ្រងបាននូវការងារព័ត៌មាន និងសាធារណៈមតិបានឡើយ
ហើយត្រូវចាំថាការដែលសរសេរព័ត៌មាន ឬធ្វើកិច្ចការងារនៅក្នុងវិស័យព័ត៌មាន
នៅស្ថាប័នវិទ្យុ ទូរទស្សន៍ កាសែត វាមិនត្រឹមតែធ្វើអោយរួចតែពីដៃនោះទេ ។
ក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅរាល់អត្ថបទ ស្នាដៃព័ត៌មាន
ដែលជ្រើសរើស យកមកសរសេរសម្រាប់ការផ្សព្វផ្សាយ
គឺចាំបាច់ណាស់ត្រូវមានខ្លឹមសារពេញលេញល្អ មានប្រយោជន៍ ហើយផ្តល់ផលប្រយោជន៍ដល់អ្នកអាន
អ្នកស្តាប់ ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា
ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបកំពុងមានការរីកចម្រើនយ៉ាងណាក៏ដោយ
ប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែជាប្រភពដែលគួរទុកចិត្តរបស់ប្រជាពលរដ្ឋជានិច្ច
ព្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគេអាចក្លែងបន្លំបាន
គេអាចបង្កើតព័ត៌មានក្លែងក្លាយពេលណាក៏បាន
ប៉ុន្តែនៅប្រព័ន្ធផ្សព្វផ្សាយបុរាណដែលយើងមាន ដូចជាទូរទស្សន៍ វិទ្យុ កាសែត
ទីភ្នាក់ងារសារព័ត៌មាន App ដែលចេញផ្សាយពីក្រសួងព័ត៌មាន
គឺជាប្រភពដែលត្រូវតែផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាជន ។ ដូច្នេះហើយ ឯកឧត្តម
រដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឲ្យសិក្ខាកាមនូវចំណេះ
ជំនាញ និង វិធីសាស្ត្រចាំបាច់ក្នុងការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម
និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាពិសេសវគ្គនេះ នឹងជួយពង្រឹងសមត្ថភាពរបស់សិក្ខាកាម
ក្នុងការបង្កើតមាតិកាប្រកបដោយការ ទទួលខុសត្រូវ និងអាចជឿទុកចិត្តបាន
ដើម្បីចូលរួមកាត់បន្ថយ ឬទប់ស្កាត់ការរីកសាយភាយនៃ
ព័ត៌មានក្លែងក្លាយតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា
មានប្រសាសន៍លើកឡើងថា នៅក្នុងទំនាក់ទំនងគ្នាផ្នែកវិស័យព័ត៌មាននេះ
គឺជាតួនាទីសំខាន់នៅក្នុងទំនាក់ទំនងការទូត
ហើយការដែលចាប់ផ្តើមដំបូងគឺកិច្ចសហប្រតិបត្តិការវាងប្រទេស និងប្រទេស
គឺការង្កើតការបណ្តុះបណ្តាល ដែលផ្តល់ផលល្អដល់អ្នកសារព័ត៌មាន
ដល់មន្ត្រីដែលធ្វើកិច្ចការងារលើវិស័យព័ត៌មាន អោយដឹងយល់ពីតួនាទី និងភារកិច្ច
ជំនាញរបស់ខ្លួនអោយបានច្បាស់លាស់ ពេលសរសេរព័ត៌មានទៅមិនបង្កើតអោយមានការយល់ច្រឡំ ។
លោកជំទាវ ឯកអគ្គរដ្ឋទូត
បានសំដែងនូវការរីករាយជាមួយទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងប្រទេសទួរគីយេ និងប្រទេសកម្ពុជា
ដោយផ្អែកលើការគោរព និងការយោគយល់គ្នាទៅវិញ ទៅមក សាមគ្គីភាព និងទំនុកចិត្ត។
ដូច្នេះតាមរយៈកម្មវិធីបណ្តុះបណ្តាលនេះនឹងទទួលបានជោគជ័យជាផ្លែផ្កា
និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសជាមិត្តរបស់យើងទៅមុខបន្តទៀត
។
ឯកឧត្តម កៅ
អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា
វគ្គបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃទី១៧ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយមានសិក្ខាកាមចូលរួមចំនួន ៥៦រូប អញ្ជើញមកពី អគ្គនាយកដ្ឋាទូរទស្សន៍ជាតិកម្ពុជា
២២រូប វិទ្យុជាតិកម្ពុជា ១០រូប ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ១៤រូប អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ៤រូប និង
ក្រុមការងារ APP ក្រសួងព័ត៌មាន ៦រូប ។
វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ
និងសម្របសម្រួលតួកគីយេ (TIKA) និងសាជីវកម្ម
និងទូរទស្សន៍តួកគីយេ (TRT) ដោយធ្វើការបណ្តុះបណ្តាល
លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ -ការផលិតវីដេអូសម្រាប់បណ្តាញសង្គម
-ការនិពន្ធសាច់រឿងសម្រាប់វីដេអូឌីជីថល -ការធ្វើទីផ្សារសម្រាប់មាតិកាឌីជីថល –
ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ
ក៏មានការចែករម្លែកបទពិសោធន៍ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អំពីប្រធានបទ២សំខាន់ គឺទី១
«ការគ្រប់គ្រងសាធារណៈមតិ» ផ្តល់បទបង្ហាញដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងទី២ «បទពិសោធន៍កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»
ផ្តល់បទបង្ហាញដោយ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ។
ជាមួយក៏មានគ្រូ ជាថ្នាក់ដឹកនាំ ២រូបទៀត គឺឯកឧត្តម ឆាយ សុផល
រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន
នឹងមានវត្តមានជួយបកប្រែ និងសម្របសម្រួល ដល់កម្មវិធីបណ្តុះ បណ្តាលទាំងពីរក្រុម
រហូតចប់វគ្គ។ វគ្គបណ្តុះបណ្តាលនេះដែរ មិនត្រឹមតែនាំមកនូវជំនាញ
និងការចែករម្លែកបទពិសោធន៍ពីវាគ្មិនមកពី TIKA និង TRT
ប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នា
ក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយជាតិ នៃប្រទេសទាំងពីរ កម្ពុជា តួកគីយេ
ជាពិសេសក្នុងយុគសម័យឌីជីថលនេះតែម្តង។
ឯកឧត្តម កៅ
អុីមរ៉ន បានបញ្ជាក់ជូនដែរថាវគ្គបណ្តុះបណ្តាលដែលបានធ្វើឡើងនាឱកាសនេះ
គឺជាគំនិតផ្តួចផ្តើម និងការតម្រង់ទិសរបស់ ឯកឧត្តម នេត្រ ភក្ត្រា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដែលជាការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស
និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ដែលជាយុទ្ធសាស្រ្តទី៣ ក្នុងចំណោម
យុទ្ធសាស្រ្តទាំង៥ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍
ឆ្នាំ២០២៥-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចេញ ហើយបានចាត់ទុកមូលធនមនុស្ស
គឺជាកត្តាគន្លឹះ
និងមានសក្តានុពលក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថាប័នក្រសួងព័ត៌មាន។
នៅក្នុងឱកាសនេះដែរ
ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន
បានធ្វើការរំលេចពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងក្រសួងព័ត៌មាន
ជាមួយភាគីតួកគីយេ ដែលសម្រេចបានកន្លងមក និយាយរួមចាប់ផ្តើមនៅក្នុងអាណត្តិទី៧
ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី និង អាណត្តិលោកជំទាវអគ្គរដ្ឋទូតប្រចាំកម្ពុជា
គឺសម្រេចបាននូវការចុះកិច្ចព្រមព្រៀងអនុស្សារណៈ
នៃការយោគយល់រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយ
ទីភ្នាក់ងារសារការព័ត៌មានតួកគី Anadolu Ajansi(AA) ចុះថ្ងៃទី០១
ខែមករា ឆ្នាំ២០២៤។ – កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា
រវាងក្រសួងព័ត៌មានកម្ពុជា ជាមួយនាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតី
នៃសាធារណរដ្ឋតួកគីយេ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ
និងទំនាក់ទំនងសាធារណៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរ
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានប្រកាសបើកជាផ្លូវការកញ្ចប់បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី ពេញមួយឆ្នាំ២០២៥
មានចំនួនជាង ៨០វគ្គ និងប្រកាសដាក់អោយប្រើប្រាស់មណ្ឌលបណ្តុះបណ្តាល
និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាកន្លែងធ្វើកិច្ចការងារពង្រឹងសមត្ថភាព
និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ៕
Post a Comment