ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់បាន៩៣%ហើយ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ បាំងតែជាង១ខែទៀតប៉ុណ្ណោះ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ កម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់៩៣%ហើយ មានន័យថា ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមការឲ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ស្ពានលេខ២៨
គឺជាផ្នែកមួយ នៃគម្រោងផ្លូវជាតិលេខ១០(អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ - PK១៩៨+៥១៨)
ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០
ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ
ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០
ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ
បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី
East Line មក West Line មានប្រវែង ៦៥,៧៤ គ.ម. ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦%
គិតត្រឹមខែធ្នូនេះ។
ជាសក្ខីភាព នៃវឌ្ឍនភាព នាថ្ងៃអាទិត្យទី២
ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
បានអញ្ជើញចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ
ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕
Post a Comment