ឯកឧត្ដម ឯក សំអុល ៖ ចិនបានរួមចំណែកធំធេងណាស់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា

ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្ដម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន។

ឆ្លើយតបនឹងសំណួរថា តើឯកឧត្ដម វាយតម្លៃដូចម្ដេច ចំពោះសមិទ្ធផលរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងពេលនៃការរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី?

ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន និង ការឆ្លើយតបរបស់កម្ពុជា ក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាង១០ឆ្នាំចុងក្រោយមកនេះ ប្រទេសចិនបានរួមចំណែកធំធេងណាស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាស កម្មន្តសាល ធារាសាស្ត្រ កសិកម្ម រហូតដល់ ទំនាក់ទំនងពាណិជ្ជកម្ម រវាងគ្នានឹងគ្នា ទំនាក់ទំនងវប្បធម៌ អប់រំ កីឡា សុខាភិបាល ។ល។

ឯកឧត្តមបញ្ជាក់ថា «ខ្ញុំមិនអាចរៀបរាប់អស់ទេ នូវសមិទ្ធផល ដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការកម្ពុជាចិន ប៉ុន្តែ ចំណុចដែលលេចធ្លោ នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ សមិទ្ធផលធំៗ គឺ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបង្កលក្ខណៈឲ្យកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បើអត់មានចិនជួយទេ គឺទៅមិនរួចទេ ទី២៖ កម្ពុជា មិនដែរមានផ្លូវល្បឿនលឿនទេ ខ្ញុំធ្លាប់ទៅប្រទេសចិន ធ្វើដំណើរផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន គឺអស្ចារ្យ ពេលនេះ កម្ពុជាមាន ១ខ្សែរ គឺភ្នំពេញក្រុងព្រះសីហនុ ដែលនេះគឺជាស្នាដៃកើតចេញពីចិន ។ »

ក្រៅពីនេះ ឯកឧត្តមថា នៅមានអាកាសយានដ្ឋានអន្តរជាតិ, ស្ពាន, ថ្នល់, អគារសាធារណៈ សកលវិទ្យាល័យ មន្ទីរពេទ្យ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

 «នៅភ្នំពេញ មានមហាវិថីពីរ ដែលប្រសិទ្ធិនាម ថ្នាក់ដឹកនាំចិន ...មហាវិថី ម៉ៅ សេទុង និងមហាវិថី ស៊ី ជីនភីង ដូច្នេះ នេះហើយជាផ្លែផ្កា ដែលចេញពីកិច្ចសហប្រតិបត្តិការ ពីជំនួយ របស់ប្រទេសចិន ហើយខ្ញុំគោរព និងការពារដាច់ខាត ពីព្រោះចិន គោរពគោលការឯករាជ្យ គោរពអធិបតេយ្យ បូរណភាពទឹកដី ..ចិនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាមិត្ត ចិនគោរពប្រទេសជាមិត្ត ស្មើភាពគ្នា និងស្មោះ មានទឹកចិត្ត ជឿទុកចិត្តគ្នា ទៅវិញទៅមក នេះហើយជាចំណុចល្អ»។

ឯកឧត្តមបញ្ជាក់ថា ជំនួយរបស់ប្រទេសចិន មិនដែរដាក់លក្ខខណ្ឌទេ នេះគឺជាភាព ស័ក្តិសមដែលថា កម្ពុជានិងចិនគឺជាមិត្តដែកថែប៕



Powered by Blogger.