ត្រាំ ៖ ពូទីន និង ហ្សេលេនស្គី ចង់បានសន្តិភាព ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាទាំងប្រធានាធិបតីរុស្ស៉ី
លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
បានបង្ហាញ
ពីគោលបំណងចង់បានសន្តិភាពនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរូបលោក
កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ។
កិច្ចសន្ទនាខាងលើកើតមានឡើង
ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងថាទីក្រុងកៀវនឹងត្រូវបោះបង់ចោលគោលដៅចង់ក្លាយជាសមាជិក NATO
និងការ
ប៉ុនប៉ងដណ្ដើមទឹកដីរបស់ខ្លួនទាំងអស់ដែលរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ
ដែលនេះជាសញ្ញាមួយនៃការផ្លាស់ប្ដូរនៅក្នុងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសង្រ្គាមអ៊ុយក្រែន។
នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក
ពូទីន អស់ពេលច្រើនជាងមួយម៉ោង លោក ត្រាំ
បានឱ្យដឹងថាមេដឹកនាំរុស្ស៉ីដែលបានចាប់ផ្ដើមសង្រ្គាមឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២
ចង់ ឱ្យសង្រ្គាមបិទបញ្ចប់
ហើយថាអ្នកទាំង២បានពិភាក្សាគ្នាពីលទ្ធភាពសម្រេចឱ្យនូវបទឈប់បាញ់មួយក្នុងពេលដ៏ខ្លីខាងមុខ។
លោក ត្រាំ បញ្ជាក់បន្ថែមថា «គាត់ (លោក ពូទីន) ចង់ឱ្យសង្រ្គាមបិទបញ្ចប់។ គាត់មិនចង់ឱ្យ
សង្រ្គាមបិទបញ្ចប់ ហើយ៦ខែក្រោយមក ផ្ទុះឡើងវិញនោះទេ»។
«ខ្ញុំគិតថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសន្តិភាព។
ខ្ញុំគិតថា លោក ប្រធានាធិបតី ពូទីន លោកប្រធានាធិបតី ហ្សេលេនស្គី ចង់បានសន្តិភាព
ហើយខ្ញុំចង់បានសន្តិភាព។ ខ្ញុំគ្រាន់តែមិនចង់ឃើញមនុស្សស្លាប់តទៅទៀតតែប៉ុណ្ណោះ»។
វិមានក្រឹមឡាំង ក៏បានឱ្យដឹងផងដែរថាលោក ពូទីន
និងលោក ត្រាំ បានព្រមព្រៀងថានឹងជួបគ្នា ហើយលោក ពូទីនថែមទាំងបានអញ្ជើញលោក ត្រាំ
ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង មូស្គូទៀតផង។ ចំណែក ខាងអ៊ុយក្រែនវិញបាននិយាយថា លោក
ត្រាំ និងលោក ហ្សេលេនស្គី បានពិភាក្សាតាមទូរស័ព្ទ ក្រោយកិច្ចសន្ទនារបស់លោក ត្រាំ
ជាមួយលោក ពូទីន៕
Post a Comment