សម្តេចបវរធិបតី អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល
ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន
ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។
ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងគោលដៅ៖
១៖ ជំរុញការផ្សព្វផ្សាយ
និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ,
និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា
របស់រាជរដ្ឋាភិបាល
២៖ ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ
និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព
៣៖ ស្វែងយល់
និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន
៤៖ ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង
ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ
របស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន
ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង
លទ្ធផលល្អប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
បានសម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព
ឱ្យស្របតាមស្ថានភាពជាក់ស្តែង៕
Post a Comment