កុដិ និងសមិទ្ធផលនានា នៅក្នុងវត្តពោធិវនារាម តម្លៃជាង១៤ម៉ឺនដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ប្រភព៖ រដ្ឋបាលខេត្ត

ខេត្តក្រចេះ៖ ព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តពោធិវនារាម ស្ថិតនៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

សូមបញ្ជាក់ថា អគារកុដិ១ខ្នង មានទំហំ ទទឹង១២ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ កម្ពស់២ជាន់ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿងរចនាបទខ្មែរ ដែលបានចាប់ផ្តើមកសាងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ រហូត រួចរាល់ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលចំណាយថវិកាសរុបចំនួន ១៤៤,៩៤១ដុល្លារអាមេរិក ក្រោមការខិតខំប្រឹងប្រែងផ្តួចផ្តើមគំនិត របស់ព្រះគ្រូ ផាយ ច័ន្ទសីហា ព្រះចៅអធិការវត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរ ពុទ្ធបរិស័ទ សប្បុរសជននានាក្នុងនិងក្រៅស្រុក ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ និងបានថ្លែងអំណរគុណ ថ្វាយប្រគេនដល់ព្រះគ្រូ ផាយ ច័ន្ទសីហា ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធិផលនានានៅក្នុងវត្តនាពេលនេះ ។
ឯកឧត្តមបន្តថា ៖ សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ។ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ ។
ឯកឧត្តម វ៉ា ថន បន្តទៀតថា ៖ «ដោយសារសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាអាចប្រារព្ធពិធីសាសនាតាមជំនឿរៀងៗខ្លួន និងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់»។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធ ឲ្យប្រើប្រាស់នាពេលនេះ ឱ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ៕


















Powered by Blogger.