ឆ្នាំ២០២៤ កម្ពុជាលក់ចេញអំបិលជាង ៧៤ពាន់តោន
ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានលក់អំបិលចេញទៅក្រៅប្រទេសចំនួន ៧៤ ១៨៥តោន។
ជាមួយគ្នានេះ
របាយការណ៍បន្តថា ទិន្នផលអំបិលក្នុងឆ្នាំ២០២៤
កម្ពុជាទទួលបានទិន្នផលអំបិលធម្មជាតិសរុបចំនួន ១៦៨ ៨៨២ តោន លើផ្ទៃដីស្រែអំបិលចំនួន
៣ ៩៨៧.៣៥ហិកតា កើនឡើងទ្វេដង ធៀបនឹងទិន្នផលអំបិលឆ្នាំ២០២៣ ដោយសារកត្តាអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល។
បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម។ លទ្ធផលនៃការផលិតក្នុងនោះ
ខេត្តកំពតផលិតបាន ១២៨ ៤៧៤តោន និងខេត្តកែបផលិតបាន ៤០ ៤០៨តោន។
ទន្ទឹមនេះផលិតផលអំបិលនាំចេញក្នុងឆ្នាំនេះបានចំនួន
៧៤ ១៨៥តោន ពីសិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន
ដែលទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ ខណៈដែលក្នុងឆ្នាំ២០២៤
កន្លងមកនេះ ពុំមានតម្រូវការនាំចូលអំបិលពីបរទេសទេ។
ដើម្បីសម្រួលដល់ចង្វាក់ផលិតកម្មឱ្យដំណើរការបានល្អ
ក្នុងឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
បានរៀបចំកិច្ចប្រជុំជាមួយផលិតករអំបិល និងសហគ្រាសមានសក្តានុពលនៅក្នុង ខេត្តកំពត
ខេត្តកែប ដើម្បីដោះស្រាយបញ្ហាប្រឈម និងការចុះពិនិត្យផ្ទៃដីស្រែអំបិល
និងផលិតកម្មអំបិល និងរៀបចំលិខិតទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
ដើម្បីសម្របសម្រួល ក្នុងការធ្វើបច្ចុប្បន្នភាព
និងកំណត់អត្តសញ្ញាណប្រភេទដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែបឱ្យបានច្បាស់លាស់។
ជាមួយគ្នានោះ
ក្រសួងក៏បានដាក់បញ្ចូលអាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល
បញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងកម្រងកម្រៃសេវាសាធារណៈរបស់ក្រសួងផងដែរ៕
Post a Comment