អ៊ីស្រាអែល នឹងលុបចោលបទឈប់បាញ់ហ្កាហ្សា បើចំណាប់ខ្មាំងមិនត្រូវបានដោះលែង នៅថ្ងៃសៅរ៍នេះ

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា បទឈប់បាញ់នៅតំបន់ហ្កាហ្សានឹងត្រូវលុបចោល ហើយយោធានឹងបន្តការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាសឡើងវិញ ប្រសិនបើពួកគេមិនដោះលែងចំណាប់ខ្មាំងទេ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ការសម្រេចរបស់លោក Netanyahu ធ្វើឡើងបន្ទាប់លោកជួបប្រជុំជាមួយរដ្ឋមន្ត្រីសំខាន់ៗមួយចំនួន ទាំងការពារជាតិ ការបរទេស និងសន្តិសុខ និងនៅបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់ឱ្យអ៊ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា ប្រសិនចំណាប់ខ្មាំងទាំងអស់មិនត្រូវបានដោះលែងទេ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

លោក Netanyahu បញ្ជាក់ដូច្នេះថា «ប្រសិនបើហាម៉ាស មិនប្រគល់ចំណាប់ខ្មាំងរបស់យើងមកវិញទេ ត្រឹមរសៀលថ្ងៃសៅរ៍ខាងមុខ បទឈប់បាញ់នឹងត្រូវបញ្ចប់ ហើយយោធានឹងវិលទៅរកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រហូតកម្ចាត់ក្រុមហាម៉ាស់បាន»។ គេមិនប្រាកដទេថាតើ លោក Netanyahu ចង់មានន័យថា ក្រុមហាម៉ាសគួរតែដោះលែងចំណាប់ខ្មាំងនៅសល់ទាំងអស់ ឬគ្រាន់តែ ៣នាក់ដែលត្រូវបានគេរំពឹងថា នឹងដោះលែងបន្តទៀតនាថ្ងៃសៅរ៍ ក្រោមបទឈប់បាញ់៕

បន្ទាប់​ពី​លោក Netanyahu ប្រកាសដាក់ឱសានវាទ ​ក្រុមហាម៉ាស បាន​ចេញ​សេចក្តីថ្លែងការណ៍​បន្ត​ការ​ប្តេជ្ញា​ចិត្ត ​ចំពោះ​បទ​ឈប់​បាញ់ ប៉ុន្តែចោទ​ប្រកាន់​អ៉ីស្រាអែល​ថា ​បង្ក​គ្រោះថ្នាក់​ដល់​បទ​ឈប់​បាញ់។ ក្រោយសង្រ្គាមជិត ១៦ខែ ក្រុមហាម៉ាស់ បាននិងកំពុងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាបណ្តើរៗ ក្រោមដំណាក់កាលទី១នៃកិច្ចព្រមព្រៀងបទ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ប៉ុន្តែកាលពីថ្ងៃចន្ទ ក្រុមហាម៉ាសនិយាយថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងទៀតទេ រហូតដល់មានការជូនដំណឹងបន្ថែម អំពីការចោទប្រកាន់ដែលថាអ៉ីស្រាអែល កំពុងរំលោភបំពានកិច្ចព្រមព្រៀង៕

 




 

Powered by Blogger.