ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ជាបន្ទាន់ ការតែងនិពន្ធចម្រៀង មានខ្លឹមសារគ្រោតគ្រាត អសុរោះ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យក្រុមសិល្បៈ និងបុគ្គលមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការតែងនិពន្ធ ច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម និងលុបចោលរាល់ស្នាដៃ អវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។ នេះបើតាមសេចក្តីណែនាំ របស់ក្រសួងនាថ្ងៃ១៤ កុម្ភៈ ។
ការចេញសេចក្តីណែនាំនេះ
បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន
ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ
ច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ
ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជន
ដែលជាកុមារ ។
ក្នុងន័យនេះ
ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ
ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង
និងអ្នកដទៃ ក៏ដូចជាសកម្មភាព ទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តី ច្រើនក្តីលើសង្គមជាតិ
ក្រសួងវប្បធម៌ ស្នើដល់អ្នកសិល្បៈនិងបុគ្គល
ដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ បញ្ឈប់ជាបន្ទាន់
នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារ
គ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម
និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញ
សង្គមនាពេលកន្លងមក។
ជាមួយគ្នានេះ
ក្រសួងក៏អំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុងបណ្តាញសង្គម
បញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃ
អវិជ្ជមានទាំងនោះក្នុងគោលបំណងជំរុញបញ្ហាឲ្យកាន់តែក្តៅ
ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន ។ ក្រសួងនឹងសហការជាមួយ បណ្តាស្ថាប័នពាក់ព័ន្ធនានា
ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាង ម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ
ស្របតាមបទប្បញ្ញត្តិនិងនីតិវិធី នានាដែលមានជាធរមាន៕
Post a Comment