ហ្សេលេនស្គី ថា អ៊ុយក្រែនមិនបានដឹងអ្វីសោះ ពីគម្រោងកិច្ចចរចារវាងអាមេរិក និងរុស្ស៉ី
ប្រភព៖ Reuters
ឌូបៃ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវ មិនត្រូវបានជូនដំណឹងជាមុនអំពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ក្នុងសប្ដាហ៍នេះនោះទេ ជាមួយការបន្ថែមថាអ៊ុយក្រែននឹងមិនទទួលស្គាល់ឡើយនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមរយៈប្រព័ន្ធវីដេអូចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម
លោក ហ្សេលេនស្គី
បានសារភាពថារដ្ឋាភិបាលរបស់លោកមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចារវាងអាមេរិក
និងរុស្ស៉ី ដែលគ្រោង នឹងប្រព្រឹត្តនៅថ្ងៃអង្គារសប្ដាហ៍នេះ
ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឡើយ។ លោក ហ្សេលេនស្គី
បន្តថាទីក្រុងកៀវមិនបានដឹងអ្វីទាល់តែសោះអំពីកិច្ចចរចានៅក្នុងសប្ដាហ៍នេះ។
តាមលោកប្រធានាធិបតីអ៊ុយក្រែន កិច្ចប្រជុំនឹង មិនអាចសម្រេចបានលទ្ធផលអ្វីទេ
ដោយសារតែគ្មានការចូលរួមពីក្រុមមន្ត្រីអ៊ុយក្រែន
ហើយអ៊ុយក្រែនក៏នឹងមិនទទួលស្គាល់នោះដែរនូវរាល់កិច្ចព្រមព្រៀងស្ដីពីអ៊ុយក្រែន
តែគ្មានការវត្តមានរបស់អ៊ុយក្រែន។
វិមានក្រឹមឡាំង បាននិយាយថាក្រុមមន្ត្រីកំពូលៗរបស់រុស្ស៉ីនឹងបើកកិច្ចចរចាជាមួយសមភាគីអាមេរិកស្ដីពីការស្ដារទំនាក់ទំនងឡើងវិញ កិច្ចចរចាស្ដីសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន ព្រមទាំងការត្រៀមរៀបចំជំនួបកំពូលរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ។
តាមវិមានក្រឹមឡាំង រដ្ឋមន្ត្រីការបរទេសរុស្ស៉ី
លោក Sergey Lavrov និងទីប្រឹក្សាគោលនយោបាយ
ការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បានធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅកាន់រាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត
ស្របពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងគណៈប្រតិភូអាមេរិក
ក៏បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីតផងដែរ៕
Post a Comment