រាជរដ្ឋាភិបាលជូនដំណឹងស្តីពីអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានប្រគល់សិទ្ធិទៅក្រសួងបរិស្ថាន ក្នុងការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ ២០២៥។

ក្នុងសេចក្តីជូនដំណឹង រាជរដ្ឋាភិបាលបានឃើញ និងឯកភាព ២ចំណុច៖ ១- អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ និង២-កំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និង ឈានទៅជំនួសប្រភេទប្រេងសាំងស្តង់ដារ EURO 4 ទាំងស្រុងតែម្តង។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថា EURO 5 សំដៅទៅលើស្តង់ដារបំភាយទី៥ ដែលកំណត់ដោយសហភាពអឺរ៉ុប (EU) សម្រាប់រថយន្ត។ ស្តង់ដារទាំងនេះត្រូវបានរចនាឡើងដើម្បីគ្រប់គ្រង និងកម្រិតនៃការបំពុលដែលបង្កគ្រោះថ្នាក់ដែលបញ្ចេញដោយរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។ ស្តង់ដារ EURO 5 អនុវត្តចំពោះទាំងរថយន្តសាំង (សាំង) និងរថយន្តប្រើប្រេងម៉ាស៊ូត។
លោកបន្តថា សម្រាប់ប្រទេសកម្ពុជា ការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ គឺសំដៅដាក់ចេញវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅលើការគ្រប់គ្រងប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ដោយអនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រ ដែលមានផ្ទុកក្នុងប្រេង ឥន្ធនៈប្រភេទ៥ (EURO V) ទាំងប្រភេទប្រេងសាំង និងប្រេងម៉ាស៊ូត។
សូមជម្រាបថា ស្តង់ដារ EURO 5 បាននាំមកនូវភាពជឿនលឿនយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាត្រួតពិនិត្យការបំភាយឧស្ម័ន និងតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តទទួលយកប្រព័ន្ធទំនើបបន្ថែមទៀត។ បច្ចេកវិទ្យាទាំងនេះរួមមានការប្រើប្រាស់តម្រងភាគល្អិតប្រេងម៉ាស៊ូត (DPF) សម្រាប់កាត់បន្ថយការបំភាយ PM ចេញពីម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនដែលប្រសើរឡើង និងប្រព័ន្ធបញ្ចេញឧស្ម័នផ្សង (EGR) ដែលមានប្រសិទ្ធភាពជាងមុន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO V) កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថានកន្លងទៅ បានបញ្ជាក់ថា កម្ពុជាស្អាត គ្មានការបំពុល គឺជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងសង្គម។ ឆ្លើយតបនឹងការងារដ៏សំខាន់ក្នុង វិស័យប្រេងឥន្ធនៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយ: ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តចូលរួមចំណែកលើការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់ ធ្វើឱ្យខ្យល់កម្ពុជាស្អាត ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕






Powered by Blogger.