ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យផ្ដល់ជូនកៅអីប្រជុំ ចំនួន៣០ ដែលជាអំណោយរបស់ទីភ្នាក់ងារ Go Study China ដល់រដ្ឋបាលឃុំអង្គរជ័យ
ខេត្តកំពត៖ ព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យ បានរៀបចំវេទិកាសាធារណៈនៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន កុសល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជ័យ ដែលមានការចូលរួមពី លោកបណ្ឌិត អៃ សុងហ៊ាង អនុប្រធានចុះមូលដ្ឋានឃុំរដ្ឋបាលឃុំ សហការី និងប្រជាពលរដ្ឋសរុប៩៥នាក់ ស្រី៤៧នាក់។
ក្នុងនោះក្រុមការងារបានជួយឧបត្ថម្ភ កៅអីប្រជុំ ចំនួន៣០ ដល់រដ្ឋបាលឃុំអង្គរជ័យដែលជាអំណោយរបស់ទីភ្នាក់ងារ Go Study China តាមរយ:លោកបណ្ឌិត អៃ សុងហ៊ាង ដើម្បីសម្រួលដល់ការងាររដ្ឋបាលរបស់ឃុំ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសូឡាចំនួន០១ដើម ដាក់បំភ្លឺក្នុងភូមិអង្គរំដួល។
ក្នុងវេទិកាសាធារណៈនេះ គឺជាការរៀបចំឡើងលើកទី៦របស់ឃុំអង្គរជ័យក្នុងគោលបំណងប្រមូល និងដោះស្រាយបញ្ហា និងកង្វល់ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួមមាន៖ បញ្ហាទឹកស្អាត (គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់) បញ្ហាអគ្គិសនី (ដាច់ញឹកញាប់) សូឡាដាក់បំភ្លឺតាមដងផ្លូវ ទំនប់ទឹកខ្វះខាតទឹក ប្រើប្រាស់ ស្នើសុំផ្លូវគ្រួសក្រហម និងស្នើសុំបណ្ណប.ប.ស សម្រាប់មនុស្សចាស់។
ជាការឆ្លើយតបទៅនឹងក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអង្គរំដួល ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលឃុំ បានជួយឧបត្ថម្ភសូឡាដាក់បំភ្លឺតាមផ្លូវ ធ្វើផែនការរៀបចំចាក់ផ្លូវគ្រួសក្រហមជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍លេីសំណេីផ្សេងៗទៀតជូនថ្នាក់ស្រុក និងថ្នាក់ដឹកនាំ៕
Post a Comment