នាយករដ្ឋមន្រ្តីអង់គ្លេស អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO

 ប្រភព៖ AFP

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវតែដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO ហើយធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជួយធានាអនាគតរបស់អ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់លោក Starmer កើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមាន​កាលពីថ្ងៃសុក្រសប្តាហ៍នេះថា អឺរ៉ុបចាំបាច់ត្រូវបង្កើន ការចំណាយលើវិស័យការពារជាតិ ព្រោះមិនអាចនៅតែគិតថា វត្តមានកងទ័ព​របស់អាមេរិក នៅលើទ្វីបនេះ នឹងបន្តជារៀងរហូតនោះទេ។ ទន្ទឹមគ្នា ក្រុមមេដឹកនាំអឺរ៉ុប ក៏កំពុងស្ទុះស្ទាព្យាយាមរិះរកមធ្យោបាយ ដើម្បីមានឱកាសចូលរួមក្នុងកិច្ចចរចាណាមួយ ដើម្បីបញ្ចប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ផងដែរ។

លោក Starmer ដែលនឹងត្រូវធ្វើដំណើរទៅជួប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលឆាប់ៗ បានបន្ថែមថា ចក្រភពអង់គ្លេសនឹងធ្វើការ ដើម្បីធានាថា សហរដ្ឋអាមេរិកនិងអឺរ៉ុប នឹងនៅតែបន្តរួបរួមគ្នា ដោយលោកបានសង្កត់ធ្ងន់ថា នាពេលនេះ យើងមិនអាចអនុញ្ញាតឱ្យភាពប្រេះឆាណាមួយ នៅក្នុងសម្ព័ន្ធភាព បង្វែរការចាប់អារម្មណ៍ ពីសត្រូវរួមខាងក្រៅ ដែលពួកយើងកំពុងប្រឈមឡើយ៕



Powered by Blogger.