THACO AGRI ជំរុញការដាំដុះដើម្បីសម្រេចបានតាមផែនការនាំចេញនៅឆ្នាំ២០២៨ និងរំពឹងថា អាចរកប្រាក់ចំណូលបាន ៨០០លានដុល្លារ/ឆ្នាំ

អត្ថបទ ៖ ថោង វណ្ណា  

ភ្នំពេញ៖ THACO AGRI ជាក្រុមហ៊ុនភាគហ៊ុនរួមកសិកម្ម Truog Hai (THACO AGRI) ជាសមាជិករបស់ THACO ទទួលបន្ទុកខុសត្រូវក្នុងការអនុវត្តយុទ្ធសាស្ត្រវិនិយោគ និងផលិតកម្មកសិកម្ម នៅប្រទេសវៀតណាម កម្ពុជា និងឡាវ។ THACO AGRI មានចក្ខុវិស័យក្លាយជាសាជីវកម្មឈានមុខគេក្នុងតតំបន់អាស៊ាននៅឆ្នាំ២០២៥ ដោយដាក់ចេញនូវយុទ្ធសាស្ត្រស្នូល វិនិយោគទៅលើវិស័យកសិកម្ម (ការដាំដុះ ចិញ្ចឹមសត្វ) រួមបញ្ចូលលើមូលដ្ឋានសរីរាង្គទ្រង់ទ្រាយធំនៃឧស្សាហកម្ម។

បើតាមរបាយការណ៍បង្ហាញថា នៅឆ្នាំ២០១២ សម្ព័ន្ធក្រុមហ៊ុន HOANG ANH GAI LAI AGRICULTURAL JOINT STOCCK COMPANY (HAGL Agrico) ត្រូវបានក្រសួងផែនការ និងវិនិយោគ នៃប្រទេសវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យវិនិយោគវិស័យកសិកម្មដាំដំណាំកៅស៊ូ និងដូងប្រេង មានទីតាំងចំនួនពីរខេត្តគឺ ក្រចេះ និងរតនគិរី លើផ្ទៃដីសម្បទានសេដ្ឋកិច្ចទំហំ ៤៣,៧៦៤ ហិកតា ប៉ុន្តែដោយសារមិនសមស្របនឹងដី ធ្វើឱ្យដូងប្រេងមិនអំណោយផល ចំណែកកៅស៊ូមានទិន្នផលទាប តម្លៃចុះថោក ចំណូលប្រមូលបានមិនគ្រប់ការចំណាយសម្រាប់ការថែទាំ ទើប HAGL Agrco ផ្លាស់ប្តូរផ្នែកមួយទៅជាដំណាំហូបផ្លែ និងចិញ្ចឹមគោនៅលើផ្ទៃដីសរុបដែលបានផ្តល់ ប៉ុន្តែការអនុវត្តមានការខ្វះខាត និងមិនអាចគ្រប់គ្រងបាន ធ្វើឱ្យគម្រោងនេះនៅតែមិនមានប្រសិទ្ធភាព។

បន្ទាប់ពី THACO AGRI ទទួលបានសិទ្ធិអនុវត្តគម្រោងវិនិយោគបន្តពី HAGL Agrico នៅឆ្នាំ២០១៨ THACO AGRI បានសិក្សាពីស្ថានភាពលក្ខណៈដី និងធ្វើការវាយតម្លៃឡើងវិញទាំងស្រុងនូវប្រសិទ្ធភាពនៃគម្រោង និងបានរៀបចំផែនការមេរបស់ក្រុមហ៊ុន ០៦ ដើម្បីធ្វើការប្តូរគម្រោងមកដាំដំណាំហូបផ្លែ និងបង្កើតកសិដ្ឋានចិញ្ចឹមគោ ដោយបានអនុវត្តសាកល្បងនៃគំរូកសិដ្ឋានចម្រុះមានដូចជា សហគ្រាសផលិតកម្មដាំដុះ កសិដ្ឋានចិញ្ចឹមសត្វលក្ខណៈជាប្រព័ន្ធ និងតំបន់កសិកម្មដែលមានភាពគួបផ្សំគ្នា និងវដ្តភាពរួមមាន៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដូចជា (ផ្លូវថ្នល់ ធារាសាស្ត្រ និងប្រព័ន្ធអគ្គីសនី)។

ក្រុមហ៊ុនក៏បានរៀបចំផ្ទះស្នាក់នៅសម្រាប់កម្មករ, ហាងលក់ទំនិញ , រោងចក្រផលិតនិងវេចខ្ចប់ចេក , ឃ្លាំងត្រជាក់រក្សាផ្លែឈើស្រស់ , ឡូជីស្ទីក ដឹកជញ្ជូននៅក្នុងបរិវេណគម្រោងនិងនាំចេញ , កសិដ្ឋានចិញ្ចឹមគោបង្កាត់ពូជ និងមជ្ឈមណ្ឌលលាយផ្សំចំណីសម្រាប់គោ ដែលគម្រោងផលិតកម្មកសិកម្មនេះប្រើទុនវិនិយោគ ១,២៩៥ លានដុល្លារ ក្នុងនោះស្រុកស្នួល ខេត្តក្រចេះ មានផ្ទៃដីសរុប ១០,៧០៨ ហិកតា ជាមួយនឹងទុនវិនិយោគ ៤៩៥ លានដុល្លារអាមេរិក ចំណែកនៅខេត្តរតនគិរី (ស្រុកកូនមុំ និងស្រុកលំផាត់) មានផ្ទៃដីសរុប ២៤,៦៨២ ហិកតា ជាមួយនឹងទុនវិនិយោគ ៦០០ លានដុល្លារអាមេរិក។

គំរូកសិដ្ឋានកសិកម្មដែលមានភាពគួបផ្សំគ្នា និងវដ្តភាពជាលក្ខណៈប្រព័ន្ធ តាមរយៈការរៀបចំឱ្យមានច្រើននូវគំរូដាំដុះ ចិញ្ចឹមសត្វ ផលិតកម្ម ឧស្សាហកម្មលើតំបន់ប្រមូលផ្តុំតែមួយ បានជួយកាត់បន្ថយយ៉ាងទាបបំផុតទៅលើការចំណាយវិនិយោគ បង្រួមយន្តការគ្រប់គ្រងប្រតិបត្តិការ និងស្ថេរភាពកម្លាំងពលកម្ម ថែមទាំងបង្កើតផលិតផលដែលមានប្រភពដើមពីសរីរាង្គ សំដៅកាត់បន្ថយកាកសំណល់នៅក្នុងដំណើរការផលិតកម្ម ដើម្បីឆ្លើយតបនឹងនិន្នាការទូទៅនៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។

ដើម្បីសម្រេចបានតាមផែនការនាំចេញទៅកាន់ទីផ្សារកម្រិតខ្ពស់នៅក្នុងតំបន់អាសុី និងប៉ាសុីហ្វិកដូចជា ប្រទេសចិន ជប៉ុន កូរ៉េ តៃវ៉ាន់ និងអូស្ត្រាលី នៅឆ្នាំ២០២៨ THACO AGRI បានរៀបចំគម្រោងវិនិយោគ និងផលិតកម្មអាជីវកម្មកសិកម្មទ្រង់ទ្រាយធំដែលមានភាពគួបផ្សំគ្នា និងវដ្តភាព ជាលក្ខណៈប្រព័ន្ធដូចខាងក្រោម៖

១- នៅស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសរុបទំហំ ១០,៧០៨ ហិកតា ក្រុមហ៊ុនបានរៀបចំជាតំបន់ផលិតកម្មសំណដាំដុះ កសិដ្ឋានចិញ្ចឹមសត្វ និងកែច្នៃរួមមាន៖

- សហគ្រាសផលិតកម្មដំណាំចេក ផ្ទៃដីចំនួន ៣,៧០០ ហិកតា។

- សហគ្រាសផលិតកម្មដាំដំណាំហូបផ្លែ (ទុរេន) និងកសិដ្ឋានចិញ្ចឹមគោ ផ្ទៃដីចំនួន ៥,១០០ ហិកតា ក្នុងនោះ( ២,៥០០ ហិកតាដាំទុរេន និងកសិដ្ឋានចិញ្ចឹមគោ)។

- កសិដ្ឋានចិញ្ចឹមត្រីទឹកសាបតាមប្រព័ន្ធស្រះទឹក និងទំនប់ទឹកផ្គត់ផ្គង់សម្រាប់ផលិតកម្មដាំដុះ និងចិញ្ចឹមសត្វ ផ្ទៃដីចំនួន ២១០ ហិកតា។

- ការិយាល័យ ឃ្លាំងមេ មជ្ឈមណ្ឌលប្រតិបត្តិការភស្តុភារកម្ម និងបណ្តារោងចក្រផលិតកម្មឧស្សាហកម្ម និងផ្ទះកម្មករ រួមទាំងរោងចក្រផលិតកម្មសម្ភារកសិកម្ម មេកានិកកសិកម្ម ការផលិតអំបោះចេក និងជីសរីរាង្គ ផ្ទៃដីចំនួន ៣៨៥ ហិកតា។ គម្រោងខាងលើនេះត្រូវប្រើទុនវិនិយោគប្រមាណ ៤៩៥ លានដុល្លារអាមេរិក។

២- នៅស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីសរុប ២៤,៦៨២ ហិកតា ក្រុមហ៊ុនបានរៀបចំជាតំបន់ផលិតកម្មដំណាំដាំដុះ កសិដ្ឋានចិញ្ចឹមសត្វ និងកែច្នៃរួមមាន៖

- សហគ្រាសផលិតកម្មដាំចេក និងម្នាស់ផ្ទៃដី ៨,៧០០ ហិកតា (ដាំចេក ៦,៧០០ ហិកតា និងម្នាស់ ២,០០០ ហិកតា)

- សហគ្រាសផលិតកម្មដំណាំហូបផ្លែដូចជា ស្វាយ និងក្រូចខ្លុង និងកសិដ្ឋានចិញ្ចឹមគោផ្ទៃដីចំនួន ១៣,១០០ ហិកតា (ស្វាយ ៦,៥០០ ហិកតា និងក្រូច រួមកសិដ្ឋានចិញ្ចឹមគោចំនួន ៦,៦០០ ហិកតា។

- កសិដ្ឋានចិញ្ចឹមត្រីទឹកសាបតាមប្រព័ន្ធស្រះទឹក និងទំនប់ទឹកផ្គត់ផ្គង់សម្រាប់ផលិតកម្មដាំដុះ និងចិញ្ចឹមសត្វចំនួន ១៨០ ហិកតា។

- ការិយាល័យ ឃ្លាំងមេ មជ្ឈមណ្ឌលប្រតិបត្តិការភស្តុភារកម្ម និងរោងចក្រផលិតកម្មឧស្សាហកម្ម រោងចក្រផលិតកម្មសម្ភារ:កសិកម្ម មេកានិកកសិកម្ម ការផលិតអំបោះចេក ជីសរីរាង្គ ថ្នាំងការពាររុក្ខជាតិ និងផ្ទះកម្មករចំនួន ១០០ ហិកតា។ គម្រោងខាងលើនេះ ត្រូវប្រើទុនវិនិយោគប្រមាណ ៨០០ លានដុល្លារអាមេរិក។

ពាក់ព័ន្ធផែនការវិនិយោគគម្រោងទាំង២ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ក្រុមហ៊ុនបានធ្វើការប៉ាន់ស្មានថា លទ្ធផលផលិតកម្មចាប់ពីឆ្នាំ២០២៨ និងទទួលបានដូចខាងក្រោម៖

- បរិមាណផ្លែឈើស្រស់នាំចេញបានចំនួន ១,១០០ ០០០ តោន/ឆ្នាំ ក្នុងនោះ(គម្រោងកសិកម្មនៅស្រុកស្នួល ខេត្តក្រចេះ មានចំនួន ៣៨០,០០០ តោន/ឆ្នាំ និងនៅស្រុកលំផាត់ ខេត្តរតនគិរី មានចំនួន ៧៣០ ០០០ តោន/ឆ្នាំ។

- បរិមាណផ្លែឈើកែឆ្នៃសម្រេចនាំចេញមានចំនួន ២៥,០០០ តោន/ឆ្នាំ ក្នុងនោះ(គម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ២៥,០០០ តោន/ឆ្នាំ។

- បរិមាណអំបោះចេកនាំចេញមានចំនួន ១២,០០០ តោន/ឆ្នាំ ក្នុងនោះ(គម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ៧,០០០ តោន/ឆ្នាំ និងនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ៥,០០០ តោន/ឆ្នាំ។

- បរិមាណគោកាប់សាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារមានចំនួន ៤៣,០០០ ក្បាល/ឆ្នាំ ក្នុងនោះ(គម្រោងនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១៦,០០០ ក្បាល/ឆ្នាំ និងនៅស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ២៧,០០០ ក្បាល/ឆ្នាំ។

- បរិមាណត្រីសាច់មានចំនួន ៣០,០០០ តោន/ឆ្នាំ ក្នុងនោះ(គម្រោងកសិកម្មនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១៨,០០០ តោន/ឆ្នាំ និងនៅស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ១២,០០០ តោន/ឆ្នាំ។

- បរិមាណសំបុកសត្វត្រចៀកកាំមានចំនួន ១១៥០ គីឡូក្រាម/ឆ្នាំ ក្នុងនោះ(គម្រោងនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ៥៥០ គីឡូក្រាម/ឆ្នាំ និងនៅស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ៦០០ គីឡូក្រាម/ឆ្នាំ។

ជាមួយនឹងទិន្នផលខាងលើ ក្រុមហ៊ុនបានធ្វើការប៉ាន់ស្មាន ចំពោះប្រសិទ្ធភាពរបស់គម្រោងដែលអាចរកចំណូលបានពីការនាំចេញប្រមាណ ៨០០ លានដុល្លារអាមេរិក/ឆ្នាំ ហើយបើសិនជាគម្រោងវិនិយោគដំណើរការរលូន ថែមទាំងមានលំនឹង ការបង់ពន្ធជូនរដ្ឋមានចំនួន ៣៥ លានដុល្លារអាមេរិក/ឆ្នាំ ថែមទាងបានបង្កើតការងារ និងផ្តល់ប្រាក់ចំណូលយ៉ាងលំនឹងដល់បងប្អូនកម្មករក្នុងស្រុក ដែលគម្រោងវិនិយោគលើវិស័យកសិកម្មនេះត្រូវប្រើកម្លាំងពលកម្មសរុបប្រមាណ ៤០,០០០ នាក់ ក្នុងនោះគម្រោងកសិកម្មនៅស្រុកស្នួល ខេត្តក្រចេះ ត្រូវការពលកម្មចំនួន ១,៥០០០ នាក់ និងនៅស្រុកលំផាត់ ខេត្តរតនគិរី ចំនួន ២៥,០០០ នាក់៕


















Powered by Blogger.