ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF រៀបចំយុទ្ឋនាការផ្សព្វផ្សាយ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន»

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដើម្បីភាពល្អស្អាតនៃបរិស្ថាន និងការកាត់បន្ថយផលប៉ះពាល់ពីសំណល់ថង់ប្លាស្ទិក ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ wwf បានរៀបចំយុទ្ឋនាការផ្សព្វផ្សាយ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលប្រារព្ឋឡើងនៅបរិវេណសួនដំរីដែក ក្នុងក្រុងសែនមនោរម្យ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ យើងត្រូវដាក់ចេញ និងកំណត់នូវសកម្មភាពជាក់លាក់ ក្នុងការអនុវត្តការងារឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវជំរុញឱ្យ មានការយកចិត្តទុកដាក់ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ 

ឯកឧត្តម បន្តថា គ្រប់អ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងអង្គពិធីនាពេលនេះ ជាពិសេស ប្អូនៗ ក្មួយៗ ជាយុវជន សិស្សានុសិស្ស ត្រូវចូលរួមចំណែកយ៉ាងសំខាន់ និងសស្រាក់សស្រាំ តាមរយៈការក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការងារនេះ និងចូលរួមចំណែកអនុវត្តឱ្យបានល្អប្រសើរទាំងអស់គ្នា។ 

ក្នុងនាមអាជ្ញាធរខេត្ត សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សមានការយល់ដឹងអំពីផលប៉ះពាល់មួយចំនួនទាក់ទង និងសំណល់រឹង និងសំណល់ប្លាស្ទិក ចំពោះសុខភាព និងបរិស្ថាន យល់ដឹងពីការញ៉ែកសំណល់ទៅតាមប្រភេទ និងចូលរួមអនុវត្តបានល្អប្រសើរទាំងអស់គ្នា ដើម្បីកម្ពុជាស្អាត កម្ពុជា គ្មានថង់ប្លាស្ទិក ខ្មែរធ្វើបាន តាមរយៈការប្តេជ្ញាចិត្ត ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ។

ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវការប្រភពធនធានជាច្រើន ដើម្បីលើកកម្ពស់ជីវភាពសង្គម។ ជាមួយគ្នានេះ សំណល់គឺជាផ្នែកមួយដែលប៉ះពាល់ដល់សុខភាព មនុស្ស ដោយនឹងបង្អាក់ដល់ការរីកចំរើនរបស់សង្គម ហេតុនេះយើងចាំបាច់ធ្វើការកាត់បន្ថយសំណល់ប្លាស្ទិក និងសំណល់ផ្សេងៗ។ 

ឯកឧត្តម បន្តថា តាមរបាយការណ៍មួយចំនួនបានបង្ហាញថា ប្រជាជនបានបញ្ចេញសំណល់រឹងប្រមាណជា ៤.០៩ លាន តោន/ឆ្នាំ រួមជាមួយនឹងការបញ្ចេញសំណល់ផ្ទះបាយ សម្រាប់មនុស្សម្នាក់/ថ្ងៃ ក្នុងរង្វង់ ០.៧៣ គីឡូ ដោយផ្អែកតាមអត្រាប្រជាជន ១៥.៣៩ លាននាក់ ក្នុងឆ្នាំ២០១៣ (ក្រសួងផែនការ ឆ្នាំ២០១៥) ដែលភាគ ច្រើនជាសំណល់សរីរាង្គ (៥១.៩%) សំណល់ប្លាស្ទិក (២០.៩% នៃសំណល់ទាំងនោះ) នឹងសំណល់ ទាំងនេះកំពុងបន្តកើនឡើង។

ឯកឧត្តម បញ្ជាក់ថា សំណល់ប្លាស្ទិកខ្លះ គឺត្រូវបានយកមកដើម្បីធ្វើការកែច្នៃ ប៉ុន្តែចំនួនភាគរយពិតប្រាកដនៃសំណល់ដែលត្រូវបានធ្វើការកែច្នៃ គឺមិនមានតួលេខច្បាស់លាស់ទេ។ ហើយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន ឬផ្លូវច្បាប់រឹងមាំសម្រាប់ធ្វើការកែច្នៃសំណល់ទាំងនេះ ប៉ុន្តែការអប់រំ និងលើកទឹកចិត្តប្រជាជន ដើម្បីធ្វើការ ញ៉ែកសំណល់ ឬការកាត់បន្ថយសំណល់គឺមានសារសំខាន់ក្នុងការប្រយុទ្ធដើម្បីភាពស្អាតនៅក្នុងសាលា និងសហគមន៍ នៅតាមបណ្តាលខេត្តគោលដៅ៕










Powered by Blogger.