អ៊ីស្រាអែល រារាំងរថយន្តដឹកជំនួយចូលក្នុងតំបន់ហ្កាហ្សា ខណៈបទឈប់បាញ់កំពុងជាប់គាំង

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ អ៊ីស្រាអែល បានរារាំងរថយន្តដឹកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សា ចំពេលមានការខ្វែងគំនិតគ្នាលើបទឈប់បាញ់ ដោយអ៊ីស្រាអែល ចង់ពន្យារពេលបទឈប់បាញ់ដំណាក់កាលទីមួយ រីឯក្រុមហាម៉ាសចង់ចរចារកបទឈប់បាញ់ដំណាក់កាលទីពីរ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា មិនអាចទទួលបានជំនួយទៀតទេ ហើយការចរចាបន្ថែមគួរតែពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង។ លោក Gideon Saar និយាយទៀតថា អាមេរិកយល់ពីការសម្រេចចិត្តរបស់អ៊ីស្រាអែល ជុំវិញការផ្អាកលំហូរនៃជំនួយ និងបានបន្ទោសក្រុមហាម៉ាស់ ចំពោះភាពជាប់គាំងក្នុងកិច្ចចរចា នាពេលបច្ចុប្បន្ន។

បើមានការឯកភាព ការប្រយុទ្ធគ្នានឹងផ្អាករហូតដល់បញ្ចប់ខែបុណ្យរ៉ាម៉ាឌន នាថ្ងៃទី២០ ខែមេសា។ អំឡុងការពន្យារពេល ក្រុមហាម៉ាស់ ត្រូវដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលពាក់កណ្តាល នៃចំនួនដែលនៅសល់ក្នុងតំបន់ហ្កាហ្សា នៅថ្ងៃដំបូងដែលមានការព្រមព្រៀង ហើយអ្នកនៅសល់នឹងដោះលែងនៅថ្ងៃបញ្ចប់។ ប៉ុន្តែ ក្រុមហាម៉ាស ប្តេជ្ញាធ្វើតាមអ្វីដែលបានព្រមព្រៀងគ្នា កាលពីពេលដែលមានបទឈប់បាញ់ដំណាក់កាលទីមួយ ដើម្បីឈានទៅរកដំណាក់កាលទីពីរ ដែលនឹងមានការចរចាសំដៅបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍តែម្តង ហើយបានច្រានចោលគំនិតពន្យារពេលបណ្តោះអាសន្ន។

សូមជម្រាបថា អ៊ីស្រាអែល បានយល់ស្របនឹងសំណើរបស់ លោក Steve Witkoff ដែលជាបេសកជនរបស់លោក ត្រាំ ឱ្យពន្យារពេលបទឈប់បាញ់ដំណាក់កាលទីមួយ រយៈពេល ៤២ថ្ងៃទៀត អំឡុងខែបុណ្យរ៉ាម៉ាឌន៕



 

Powered by Blogger.