និយ័តករធានារ៉ាប់រងកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃផលិតផលធានារ៉ាប់រងអាយុជីវិត នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត» ដែលប្រព្រឹត្តទៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
សិក្ខាសាលានេះមានការចូលរួមពីសំណាក់លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃ ន.ច.ក. និងលោក សុខ រស់ អភិបាលរងអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរ, តំណាងអង្គភាពសវកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, តំណាងក្លិបអ្នកកាសែតកម្ពុជា, គ្រឹះស្ថានឯកជន, សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យនៃខេត្តស្វាយរៀងផងដែរ។
ក្នុងឱកាសនោះ លោក សុខ រស់ បានថ្លែងថា អង្គសិក្ខាសាលាថ្ងៃនេះនឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យ ធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រងការពារកម្ចី និងផលិតផលធានារ៉ាប់រងបន្ថែម លើជំងឺធ្ងន់ធ្ងរ តាមរយៈការធ្វើបទបង្ហាញដោយផ្ទាល់របស់ក្រុមការងារនៃនិយ័តករធានារ៉ាប់រងកម្ពុជា។
បន្ថែមលើសពីនេះ លោក សុខ រស់ បានលើកទឹកចិត្តដល់មន្ត្រីតំណាងមន្ទីរនៃខេត្តស្វាយរៀង សាធារណជន ក៏ដូចជាតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទាញយកនូវពុទ្ធិថ្មីៗពីការផ្លាស់ប្តូរមតិយោបល់ជាមួយនឹង វាគ្មិនជំនាញ និងអង្គសិក្ខាសាលាទាំងមូល។
បើតាមប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានថ្លែងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីក្របខណ្ឌគោល-នយោបាយសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រង, ទិដ្ឋភាពទីផ្សារធានារ៉ាប់រង, អត្ថប្រយោជន៍របស់ផលិតផល ធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជននៅក្នុងខេត្តស្វាយរៀង ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ច.ក. ក្នុងការការពារផល ប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
លោកបានបន្ថែមថា សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមាន កាលកំណត់ ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និង ការការពារលើជំងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់ គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានា រ៉ាប់រង។
ជាមួយគ្នានេះ លោក ទូច ម៉េងឡេង បានបន្តថា ក្នុងនាមលោក ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃ ន.ច.ក.សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ន.ធ.ក. ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបំពេញការងារ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសបានបន្តសហការជំរុញការអនុវត្តធានារ៉ាប់រងជា កាតព្វកិច្ច ក្នុងន័យឆ្លើយតបឱ្យបានសមស្របទៅនឹងកំណើនចំនួនការដ្ឋានសាងសង់ និងយានយន្តប្រកបអាជីវកម្ម ដែលកំពុងចរាចរណ៍តាមដងផ្លូវ រួមផ្សំនឹងអត្រាកំណើនគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃដែលបាននិងកំពុងផ្តល់ផល ប៉ះពាល់ដល់ទ្រព្យសម្បត្តិ រូបរាងកាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួល និង ដោះស្រាយបណ្តឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាសុខភាព ពិការភាពទាំងស្រុង ឬបាត់បង់អាយុជីវិត៕
Post a Comment