អង់គ្លេសថា សំណើបទឈប់បាញ់អ៊ុយក្រែនជាច្រើនកំពុងពិចារណា
ប្រភព៖ Reuters
ឡុងដ៍៖ ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទថា សំណើបទឈប់បាញ់នៅអ៊ុយក្រែនជាច្រើនកំពុងស្ថិតក្រោមការពិចារណា បន្ទាប់ពីបារាំងបានលើកឡើងពីលទ្ធភាពនៃបទឈប់បាញ់រយៈពេលមួយខែដំបូង ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាព។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Starmer
បានរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុបនៅទីក្រុងឡុងដ៍
ហើយបានប្រកាសថា
មេដឹកនាំអឺរ៉ុបបានឯកភាពគ្នារៀបចំផែនការសន្តិភាពសម្រាប់អ៊ុយក្រែន
ដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស
បានថ្លែងថា មានជម្រើសជាច្រើននៅលើតុ។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីបណ្ដាប្រទេសនៅអឺរ៉ុប
ដែលដឹកនាំដោយអង់គ្លេស និងបារាំង កំពុងពិនិត្យមើលជម្រើស
សម្រាប់សំណើសន្តិភាពរួមមួយសម្រាប់អ៊ុយក្រែន។
កិច្ចពិភាក្សានេះកើតឡើងក្រោយពីមានភាពរកាំរកូស
ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន Volodymyr
Zelenskiy កាលពីសប្ដាហ៍មុន។
ក្នុងបទសម្ភាសន៍មួយមុនកិច្ចប្រជុំកំពូល
ប្រធានាធិបតីបារាំង Emmanuel Macron បានលើកពីលទ្ធភាពនៃបទឈប់បាញ់រយៈពេលមួយខែ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់បន្ថែមកាលពីថ្ងៃចន្ទថា
បទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស សមុទ្រ
និងថាមពលនឹងអាចឱ្យភាគីពាក់ព័ន្ធវាយតម្លៃពីភាពស្មោះត្រង់របស់ប្រធានាធិបតីរុស្ស៊ី
Vladimir Putin ក្នុងការប្តេជ្ញាចំពោះបទឈប់បាញ់។
លោកបានបន្ថែមថា
ពេលនោះហើយដែលកិច្ចចរចាសន្តិភាពពិតប្រាកដអាចចាប់ផ្ដើមបាន។
បារាំង អង់គ្លេស
និងប្រទេសអឺរ៉ុបមួយចំនួនទៀត
បានលើកពីលទ្ធភាពនៃការបញ្ជូនទាហានទៅអ៊ុយក្រែន
ក្នុងករណីមានបទឈប់បាញ់ ប៉ុន្តែបានបញ្ជាក់ថា
ពួកគេចង់បានការគាំទ្រខ្លះពីសហរដ្ឋអាមេរិក។
លោក Zelenskiy បានទទូចថា
បទឈប់បាញ់ណាមួយត្រូវតែមានការធានាសន្តិសុខច្បាស់លាស់ពីលោកខាងលិច
ដើម្បីធានាថា រុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនកាលពីបីឆ្នាំមុន
និងកាន់កាប់ប្រហែល ២០% នៃទឹកដីរបស់ខ្លួន
នឹងមិនធ្វើការវាយប្រហារម្ដងទៀតឡើយ។ ទោះយ៉ាងណា លោក ត្រាំ
បានបដិសេធមិនផ្ដល់ការធានាបែបនេះទេ៕
Post a Comment