វិមានក្រឹមឡាំង៖ កិច្ចប្រជុំកំពូលទីក្រុងឡុងដ៍ស្ដីពីអ៊ុយក្រែនមិនមែនជាការស្វែងរកសន្តិភាពទេ តែជាការអូសបន្លាយសង្គ្រាម
ប្រភព៖ Reuters
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានរិះគន់កិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ស្ដីពីអ៊ុយក្រែនកាលពីចុងសប្ដាហ៍ ដោយអះអាងថា ការសន្យាផ្ដល់មូលនិធិបន្ថែមដល់ទីក្រុងកៀវ ពីសំណាក់មេដឹកនាំអឺរ៉ុប នឹងមិនជួយដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យសង្គ្រាមអូសបន្លាយពេលទៅវិញ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានថ្លែងថា ការសន្យាផ្ដល់មូលនិធិពីមេដឹកនាំអឺរ៉ុប
រួមទាំងកិច្ចព្រមព្រៀងមីស៊ីលការពារដែនអាកាសតម្លៃ ២
ពាន់លានដុល្លារពីចក្រភពអង់គ្លេស នឹងគ្រាន់តែជាការ «បន្តអរិភាព»
ប៉ុណ្ណោះ។ លោកបានបន្ថែមថា «គំនិតផ្តួចផ្តើមស្ថាបនាណាមួយ
(ដើម្បីសន្តិភាព)» គឺជាអ្វីដែលចាំបាច់នៅពេលនេះ
ហើយបានទទូចឱ្យមានការ «ដាក់សម្ពាធ» លើលោក Zelenskiy ឱ្យផ្លាស់ប្ដូរជំហររបស់ខ្លួន
ដោយចោទប្រកាន់ថា មេដឹកនាំអ៊ុយក្រែនរូបនេះមិនចង់បានសន្តិភាពនោះទេ។
លោក Peskov បានលើកឡើងទៀតថា
មេដឹកនាំអឺរ៉ុបនឹងត្រូវ «ខិតខំប្រឹងប្រែងច្រើន»
ជាមួយទីក្រុងវ៉ាស៊ីនតោន
ដើម្បីកែប្រែស្ថានការណ៍បន្ទាប់ពីជំនួបដ៏តានតឹងរវាងលោក Zelenskiy និងលោក ត្រាំ។ ទោះជាយ៉ាងណា លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា
លោកជឿជាក់ថាអាចនឹងស្ដារទំនាក់ទំនងរបស់លោកជាមួយលោក ត្រាំ ឡើងវិញបាន
ប៉ុន្តែការពិភាក្សាទាំងនោះត្រូវតែធ្វើឡើងជាលក្ខណៈឯកជន
សូមជម្រាបថាកិច្ចប្រជុំកំពូលនេះ
មានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំលោកខាងលិចមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនោះ ពួកគេបានឯកភាពគ្នាលើការរៀបចំផែនការសន្តិភាពអ៊ុយក្រែនមួយ
ដើម្បីដាក់ជូនសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Zelenskiy បានជួបប្រទះនឹងភាពតានតឹងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
នៅឯសេតវិមាន៕
Post a Comment